យ៉ាងហោចណាស់ ក៏មានពលរដ្ឋម្នាក់បានសន្លប់ និង ១៤ នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុង ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច រវាងប្រជាពលរដ្ឋនិងកម្មកររបស់ក្រុមហ៊ុន KDC ដែលជាកម្មសិទិ្ធរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ការប៉ះទង្គិចគ្នានៅក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតឡើងនៅពេលដែលប្រជាពលរដ្ឋបានរារាំងមិនឲ្យក្រុមហ៊ុន KDC ធ្វើការឈូសឆាយដីធ្វើព្រំ នៅខណៈកម្លាំងសមត្ថកិច្ចចម្រុះជាង ២០០ នាក់បាននៅព័ទ្ធជុំវិញភូមិដើម្បីរង់ចាំចាប់ខ្លួនពលរដ្ឋដែលហ៊ាន តវ៉ារារាំងមិនឲ្យឈូសដីកាលពីម្សិលមិញ។
យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋក្នុងភូមិពុំដឹងថា នឹងត្រូវធ្វើយ៉ាងម៉េចជាមួយកម្លាំងប៉ូលិសនិងប៉េអឹមដែលកំពុងតែ ពង្រាយព័ទ្ធជុំវិញភូមិនោះទេ ហើយអ្នកភូមិក៏មិនឲ្យសមាជិកណាម្នាក់ដើរចេញទៅណាពីផ្ទះដែរព្រោះខ្លាចគេចាប់ខ្លួន។
លោក ប្រាក់ វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែលោក ស៊ីវ ចន្ធី មន្ត្រីនគរបាលដែលចុះមកឡោមព័ទ្ធ ភូមិឡពាង នោះ បានឲ្យដឹងថា មន្ត្រីប៉ូលិស ទាហាន និង ប៉េអឹម ត្រូវបានមេបញ្ជាឲ្យចុះមកអនុវត្តដីកាចាប់ខ្លួនពលរដ្ឋ។
លោក ថៃ ហ៊ី តំណាងក្រុមហ៊ុន KDC បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា៖ «លោកបងខ្ញុំអត់ឆ្លើយទេទាក់ទងរឿងហ្នឹង»។
ចំណែកលោក ឈូក ចាន់ឌឿន អភិបាល ខេត្តកំពង់ឆ្នាំង បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ប៉ុន្តែលោកបានឆ្លើយតាមទូរស័ព្ទប្រាប់មន្ត្រីសិទ្ធិមនុស្ស ដែលទាក់ទងសុំឲ្យជួយអន្តរាគមន៍ដោយសារតែមានបញ្ហាប្រឈមមុខដាក់ គ្នាខ្លាំងនោះថា កម្លាំងទាំងនោះមិនអាចដកថយបានទេ ដោយសារតែរឿងនេះវាជ្រុលទៅមុខហើយ។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគម អាដហុក ដែលចុះទៅអង្កេតផ្ទាល់នៅកន្លែងកើតហេតុបានថ្លែងថា ករណីពលរដ្ឋ ភូមិឡពាង មានការប៉ះទង្គិចគ្នា ជាមួយកម្មករក្រុមហ៊ុន បណ្តាលឲ្យរងរបួសនេះកើតឡើងមកពីអាជ្ញាធរមានសមត្ថកិច្ចអសីលធម៌ ដែលមិនបានជួយការពារប្រជាពលរដ្ឋ។
ប្រភពពីគេហទំព័ត៌ភ្នំពេញប៉ុស្តិ៍ដែលបានចេញផ្សាយថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៤នេះ។
ការប៉ះទង្គិចគ្នារវាងអ្នក ភូមិឡពាង និងកម្មករក្រុមហ៊ុន KDC កាលពីម្សិលមិញ (រូបថត៖ហេងជីវ័ន)