កូដកម្មរបស់កម្មករក្រុមហ៊ុនស៊ិនទ្រី នៅថ្ងៃចន្ទ ទី០៧ ខែកក្កដាកាលពីម្សិលម៉ិញ ផ្តោតលើការទាមទារលក្ខខណ្ឌ១០ចំណុច ក្នុងចំណោមនោះ កម្មករស្នើឱ្យក្រុមហ៊ុនផ្តល់ប្រាក់ទ្រទ្រង់សុខភាព ១០ដុល្លារ ក្នុងមួយខែ ប្រាក់ ស្នាក់នៅចំនួន១០ដុល្លារក្នុងមួយខែ និងប្រាក់ធ្វើដំណើរ១៥ដុល្លារក្នុងមួយខែ។ លើសពីនេះទៀត កម្មករ ស្នើឱ្យក្រុមហ៊ុនស៊ិនទ្រីទូទាត់ប្រាក់បំណាច់ការងារ ដែលនៅសេសសល់ ដាក់ពេទ្យប្រចាំការនៅក្នុងក្រុមហ៊ុន ផ្លាស់ប្តូរប្រធានយានដ្ឋាន និងសន្តិសុខយាមក្រុមហ៊ុន បើកច្រកចេញចូលចាស់ឡើងវិញ ជួយកាត់ប្រាក់វិភាគទានពីប្រាក់ខែកម្មករយកទៅឱ្យសហជីព ផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គម និងរៀបចំគោលការណ៍គ្រប់គ្រងប្រេង និងដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានច្បាស់លាស់។
នៅពេលនេះ ចំណុចខ្លះនៃការទាមទារគឺស្រដៀងគ្នានឹងចំណុចនៃការទាមទារពេលមុន ដែរ។ បើយោងតាមមន្ត្រីសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករនិយោជិតខ្មែរ ឈ្មោះ សាន ថា នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា នេះកម្មករប្រមូលសំរាមផ្នែកកើប បោស និងអ្នកបើកបរ ប្រមាណជា«៩០ភាគរយ»មិនចូលធ្វើការដូចធម្មតាទេ។ ការណ៍នេះបង្កក្តីបារម្ភថា សំរាមប្រហែល ១ ២០០តោនក្នុងមួយថ្ងៃ នឹងគរជាភ្នំ ក្នុងរាជធានីភ្នំពេញជាថ្មីទៀត ប្រសិនបើកិច្ចចរចារវាងតំណាងកម្មករ និងក្រុមហ៊ុន នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា មិនសម្រេចបានដំណោះស្រាយ។
ប្រភពពីគេហទំព័ត៌វិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៤។