ប្រភពពីមន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា បេក្ខជនតំណាងរាស្ត្រ ៣រូប ដែលមានលោកស្រី មួរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ និងលោក កែវ ភិរម្យ ត្រូវបានគេបញ្ជូនទៅកាន់ស្នងការនគរបាលក្រុងភ្នំពេញហើយ។ អ្នកគាំទ្របក្សសង្គ្រោះជាតិ ប្រមាណ ១ពាន់នាក់បានធ្វើការប្រមូលផ្ដុំគ្នានៅខាងមុខស្នងការក្រុង ហើយត្រូវបានប៉ូលិសដេញពួកគេទាំងនោះចេញពីមុខស្នងការដ្ឋាននគរបាល រាជធានី នៅរសៀលថ្ងៃទី១៥ កក្កដា នេះផងដែរ។
ចំណែកឯបេក្ខជនតំណាងរាស្ត្រ លោក ហូរ វ៉ាន់ ដែលបានតាមដានការចាប់ខ្លួននោះ ក៏ត្រូវបានគេអញ្ជើញឲ្យចូលខ្លួនក្នុងស្នងការនោះដែរ។ សូមបញ្ចាក់ថា ការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យខាងជើងស្ពាននាគ រវាងប្រជាពលរដ្ឋអ្នកតស៊ូមតិ និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាមួយសន្តិសុខ មានអ្នករបួស ៣១នាក់ ក្នុងនោះខាងសន្តិសុខមានចំនួន ១៧នាក់ និងខាងសកម្មជនបក្សសង្គ្រោះជាតិ ១៤នាក់។ យោងតាមប្រភ័ពសារព័ត៌មានVOD