ក្រៅពីការស្វែងរកការគាំទ្រ និងតស៊ូមតិក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោត សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដោយមានការឧបត្ថម្ភពីម្ចាស់ជំនួយ និងសហការណ៍ ជាមួយអង្គការសមាជិកដែលធ្វើការទាក់ទងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត សិទ្ធិមនុស្ស ក៏បានផ្តួចផ្តើមគំនិតក្នុងការផលិតជាខ្សែរវីដេអូ ដោយពិភាក្សាទៅលើប្រធានបទសំខាន់ៗដែលគួរតែត្រូវធ្វើការកែទម្រង់សម្រាប់ការបោះឆ្នោត។
ខ្សែវីដេអូនេះមិនត្រឹមតែធ្វើការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងវិទ្យុមួយចំនួននោះទេ តែក៏បានចែកចាយទៅបណ្តាញរបស់ខ្លួន និងបន្តទៅសហគមន៍ផដែរ។
ជាក់ស្តែង ការចាក់បញ្ចាំងវីដេអូស្តីពីកំណែទម្រង់ការបោះឆ្នោត ក្រោមប្រធានបទ “ស្ថាប័នរៀបចំការបោះឆ្នោត” ត្រូវបានរៀបចំឡើងនៅក្នុងភូមិព្រែកចំឡាក់ ឃុំកញ្ជរ ក្រុងឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៤ និងប្រធានបទ “ការចុះឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបោះឆ្នោត” បានរៀបចំនៅថ្ងៃ១១ កក្កដា ឆ្នាំ២០១៤ នៅភូមិកញ្ជរ ឃុំកញ្ជរ ក្រុងឆ្លូង ខេត្តក្រចេះ។
អ្នកចូលរួមប្រមាណជា៤៤នាក់ (ស្រ្តី៣០នាក់) ក្នុងកម្មវិធីទាំងពីរនេះបានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា៖
- ចំពោះការចុះឈ្មោះបោះឆ្នោត គឺសូមស្មើសុំធ្វើឲ្យធ្វើបញ្ជីឈ្មោះថ្មី និងក្រោមការរៀបចំដោយគ.ជ.ប ។
- ចំពោះកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត អ្នកចូលរួមហាក់មិនសូវមានការយល់ដឹងពីព័ត៌មាននេះទេ ប៉ុន្តែពួកគាត់បានស្មើសុំឲ្យស្ថាប័នរៀបចំការបោះឆ្នោតត្រូវមានសមាសភាពស្មើគ្នា រវាងបក្សកាន់អំនាច និងបក្សប្រឆាំង និងមានតំណាងផ្សេងមួយរូបទៀតគឺមកពីស្ថាប័នព្រះមហាក្សត្រ។
ការចាក់បញ្ចាំងខ្សែរវីដេអូនៃកិច្ចពិភាក្សានេះ នឹងបន្តគ្រប់២៤ ខេត្ត-ក្រុង ក្រោមការសម្របសម្រួលដោយបណ្តាយខុមហ្វ្រែលខេត្ត។