សហភាពអន្ដរសភា ហៅកាត់ថា IPU ដែលមានសមាជិកជាតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រនៅទូទាំងពិភពលោក បានទាមទារឲ្យទម្លាក់បទចោទ និងដោះលែងបេក្ខជន ជាប់ឆ្នោតបក្សប្រឆាំងទាំង៧រូបជាបន្ទាន់ ប្រសិនបើគ្មានការបង្ហាញភស្តុតាងដ៏រឹងមាំបន្ថែម ដើម្បីដាក់បន្ទុកទេនោះ។ អង្គការអន្ដរជាតិនេះ ក៏បានទាមទារឲ្យអាជ្ញាធរ ផ្ដល់លទ្ធភាពឲ្យបក្សប្រឆាំង អាចបញ្ចេញមតិដោយសេរី និងគ្មានការគាបសង្កត់ នៅក្នុងប្រទេសកម្ពុជាដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។
សហភាពអន្ដរសភា ហៅកាត់ថា IPU ឲ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា បច្ចុប្បន្ន សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅគណៈកម្មការសិទ្ធិមនុស្សនៃតំណាងរាស្ត្រ IPU ដើម្បីពិនិត្យតាមដាន។ ហើយគណៈកម្មការនេះ នឹងការពារតំណាងរាស្ត្រទាំង៧រូប ឲ្យចៀសផុតពីចេតនាវាយប្រហារផ្នែកនយោបាយ តាមរយៈការស៊ើបអង្កេតប្រកបដោយតម្លាភាព ទៅលើព័ត៌មានពីខាងអាជ្ញាធរ និងភាគីដាក់ពាក្យបណ្ដឹង។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចំនួន៧រូប ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីមានការប៉ះទង្គិចដោយហិង្សា នៅក្នុងការរំដោះទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥កក្កដាកន្លងទៅ។
ប្រភពពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃ២០ កក្កដា ឆ្នាំ២០១៤។