កាលពីព្រឹកថ្ងៃអង្គារទី២២ ខែកក្កដា ឆ្នាំ២០១៤ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលធ្វើការតវ៉ាពីរថ្ងៃហើយបានបន្ទន់ឥរិយាបថ និងប្រគល់ញត្តិទាមទារឲ្យរដ្ឋាភិបាល វៀតណាម សុំទោសជាសាធារណៈរឿងបំភ្លៃប្រវត្តិសាស្ត្រទៅឲ្យអាជ្ញាធររាជធានី ដាក់ជូនក្រសួងការបរទេសកម្ពុជា អន្តរាគមន៍ទៅក្រសួងការបរទេស វៀតណាម និងរដ្ឋាភិបាល ក្រុងហាណូយ ធ្វើការឆ្លើយតបត្រឹមពីរសប្តាហ៍។
លោក ម៉ៅ ពិសេស បានឲ្យដឹងបន្ទាប់ពីជំនួបចរចាជាង ២ ម៉ោង រវាងអភិបាលរងលោក ឃួង ស្រេង អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាយល់ព្រមប្រគល់ញត្តិឲ្យទៅ អាជ្ញាធររាជធានីដើម្បីដាក់ជូនក្រសួងការបរទេសអន្តរាគមន៍បន្តនិង បានកំណត់ឱសានវាទត្រឹមពីរសប្តាហ៍ឲ្យរដ្ឋាភិបាល វៀតណាម ធ្វើការឆ្លើយតប។ លោកបញ្ជាក់ថា៖ «បើពុំឆ្លើយតបទេ ការតវ៉ានឹងកើតមានជាថ្មី និងមានទ្រង់ទ្រាយធំជាងនេះ»។
ក្រុមអ្នកតវ៉ាបានសម្តែងនូវការមិនពេញចិត្ត និងបានផ្ទុះកំហឹង ដោយហែក និងដុតទង់ជាតិ វៀតណាម ព្រមទាំងរូបថតលោក ហូ ជីមិញ នៅមុខស្ថានទូត។ តែទោះជាយ៉ាងណា នៅម៉ោង ១២ និង ៤០ នាទីក្រុមអ្នកតវ៉ាបានរំសាយការប្រមូលផ្តុំនោះទាំងមិនអស់ចិត្ត ឡើយ។
ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ២៣ កក្កដា។