ត្រឡប់ក្រោយ

ការបើកសវនាការ ចោទប្រកាន់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ បក្សសង្គ្រោះជាតិ ចាន់ ចេង ត្រូវពន្យារពេល

មេធាវីការពារក្តីឲ្យបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្របក្សប្រឆាំង មួយរូបបានដាក់ពាក្យពន្យារពេលទៅតុលាការ ខេត្តកណ្តាល ដើម្បីពន្យារពេលបើកសវនាការ ជុំវិញបទចោទថា បានរំដោះ​ជនសង្ស័យ​ពីពន្ធនា​គារ កាលពីជាង ៣ ឆ្នាំមុន ដោយសារមេធាវីជាប់រវល់ ប៉ុន្តែតុលាការនៅតែបន្តនីតិវិធី ដោយបានកំណត់ប្រកាសសាលក្រម នៅថ្ងៃ ទី៥ ខែសីហា ខាងមុខ។

លោក ឡុង លន់ មេធាវី ការពារក្តីឲ្យ លោក ចាន់ ចេង តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា លោកបានដាក់លិខិតទៅលោក អឹម ម៉េង ចៅក្រមជំនុំជម្រះសាលាដំបូង ខេត្តកណ្តាល ដើម្បី​សុំពន្យារពេលបើកសវនាការនៅថ្ងៃ ទី២២ ខែកក្កដា ដោយលើកទៅសវនាការនៅថ្ងៃក្រោយ។

លោកបានថ្លែងថា៖ «មូលហេតុដែលខ្ញុំសុំពន្យារពេលដោយសារតែចៅក្រមស៊ើបសួរ ខេត្តក្រចេះ តម្រូវឲ្យចូលខ្លួនទៅការពារសិទ្ធិកូនក្តីនៅសាលាដំបូង ខេត្តក្រចេះ»។

លោក ចាន់ ចេង តំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ នៅមណ្ឌល ខេត្តកណ្ដាល ពុំអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេ ប៉ុន្តែលោកបានប្រាប់កន្លងមកថា លោកចាត់ទុកការកោះហៅរូបលោក​នៅពេល​នេះ​ថា ជាប់ពាក់ព័ន្ធនឹងការដាក់គំនាបផ្នែកនយោបាយទៅលើបក្សប្រឆាំង។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំយល់ឃើញថា រឿងនេះជារឿងសម្ពាធផ្នែកនយោបាយ ពីព្រោះរឿងនេះជារឿងចាស់​វាបានកន្លងផុត​ជាង ៣ ឆ្នាំមកហើយ»។

សូមរំឭកថា លោក ចាន់ ចេង និងលោក ជូង ជូងី ជាប់ចោទក្នុងរឿងផ្តល់មធ្យោបាយរំដោះអតីតសមាជិកក្រុមប្រឹក្សាឃុំ បន្ទាយដែក លោក មាស ប៉េង របស់គណបក្ស សម រង្ស៊ី នៅ ខេត្តកណ្តាល កាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១១។ ក្នុងដំណើររឿងនោះ កាលពីដើម ឆ្នាំ២០១២ ត្រូវបានចៅក្រមស៊ើបសួរ លោក ស៊ិន វិរៈ បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ តែមិនឃុំខ្លួនទេ។

ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយនាព្រឹកថ្ងៃ២៤ កក្កដានេះ។

លោក ចាន់ ចេង ឡើងទៅបំភ្លឺនៅតុលាការខេត្តកណ្តាលនាពេលកន្លងមក។ (រូបថតដោយផា លីណា-ភ្នំពេញប៉ុស្តិ៍)

លោក ចាន់ ចេង ឡើងទៅបំភ្លឺនៅតុលាការខេត្តកណ្តាលនាពេលកន្លងមក។ (រូបថតដោយផា លីណា-ភ្នំពេញប៉ុស្តិ៍)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា