ត្រឡប់ក្រោយ

ក្រុម​​ការងារ​គណបក្ស​​ទាំង​ពីរ​​លើក​​យក​​​៤ចំនុច​​មក​​​ពិភាក្សា ​​លើការ​​ធ្វើវិសោធនកម្ម​ច្បាប់បោះឆ្នោត​

កាលពីព្រឹកថ្ងៃអង្គារទី​២៩​ កក្កដា ឆ្នាំ២០១៤ ក្រុមការងារកំណែទម្រង់ច្បាប់បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែល ដឹកនាំដោយលោក ប៊ិន ឈិន និងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក គួយ ប៊ុនរឿនបានជួបពិភាក្សាគ្នាលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ។


លោក គួយ ប៊ុនរឿន មានប្រសាសន៍ក្នុងសន្និសីទក្រោយពីការប្រជុំវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញនៅឯរដ្ឋសភានាថ្ងៃដដែលថា ក្រុមការងារទាំងពីរក្រុម បានសម្រេចពិភាក្សាទៅលើចំណុចបួនគឺ នីតិវិធី​នៃការរៀប​ចំសមាសភាពមន្ត្រីថ្នាក់ក្រោមជាតិរបស់គជប  នីតិវិធីនៃការដោះស្រាយពាក្យបណ្តឹង  ការរៀបចំចុះឈ្មោះ  និងបញ្ជីអ្នកបោះឆ្នោតថ្មី។

លោកបន្តថាគណបក្សទាំងពីរកំពុងពិចារណាលើការជ្រើសរើសប្រព័ន្ធនៃការបោះឆ្នោត ដើម្បីធានាថាបញ្ជីបោះឆ្នោតមានគុណភាព តម្លាភាព និងការពារសិទ្ធិរបស់ពលរដ្ឋក្នុងការបោះឆ្នោត។ ជាមួយ​គ្នា​ផងដែរ ​គណបក្សទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បីជ្រើសរើសប្រធានបទនៃ ក្របខ័ណ្ឌមួយចំនួនដើម្បីដាក់ទៅក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្ដល់ឪកាសដល់ភាគីពាក់ព័ន្ធដូចជាអង្គការសង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ និងប្រទេសផ្ដល់ជំនួយ បញ្ចេញជាមតិយោបល់លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងផ្ដល់ជាជំនួយបញ្ចេកទេសក្នុងការរៀបចំកំណែទម្រង់ការបោះឆ្នោត ។

ដកស្រង់ពីគេហទំព័រវិអូឌីចេញ​ផ្សាយថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា