អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីព្រឹកថ្ងៃពុធ បានធ្វើការលើកសរសើរនិងផ្តល់ថវិកាលើកទឹកចិត្តជាច្រើនលានរៀល ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ២៤០០ នាក់ដែលបានបំពេញ តួនាទី យ៉ាងសកម្មនៅក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋនិងធានាសុវត្ថិភាពស្ថិរភាពសង្គម ក្នុងអំឡុងពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្នាក់ជាតិជិត ១ ឆ្នាំកន្លងមក។
កម្មវិធីនេះធ្វើឡើងនៅក្នុងពិធីជួបប្រជុំត្រួតពិនិត្យការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានី ក្នុងរយៈពេលជាងមួយឆ្នាំក្នុងអំឡុងពេលដែលកម្ពុជាមានវិបត្តិ នយោបាយដែលប្រារព្ធធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃពុធ ទី៣០ កក្កដា ឆ្នាំ២០១៤។
លោក ប៉ា សុជាតិវង្ស បានថ្លែងថា ការជាប់គាំងនយោបាយក្រោយការបោះឆ្នោតថ្នាក់ជាតិ ប្រមាណជា ១ ឆ្នាំកន្លងមកនេះមានបាតុកម្ម កូដកម្ម ជាច្រើនកើតឡើងជាបន្តបន្ទាប់ ដែលការធ្វើកូដកម្មនិងបាតុកម្មតវ៉ានេះពេលខ្លះស្ទើរតែធ្វើឲ្យ រាជធានីភ្នំពេញ ធ្លាក់ទៅក្នុងភាពអនាធិបតេយ្យនិងភាពចលាចលនៃសង្គមផង។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានរំឭកឡើងវិញនូវប្រតិបត្តិការទប់ស្កាត់អំពើហិង្សានានា ដែលបានកើតចេញពីបាតុកម្មតវ៉ារបស់គណបក្សសង្គ្រោះជាតិ សហជីពកម្មករ សហគមន៍ដីធ្លី និងព្រៃឈើដែលសរុបមាន ៤៤៥ លើកក្នុងនោះបាតុកម្មដឹកនាំដោយបក្សប្រឆាំងមានជាង ៨០ លើកបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ (មានទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាល) នៅក្នុងអំឡុងមានវិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិ អាណត្តិ ទី៥។
លោក អភិបាលរាជធានី ក៏បាននាំយកថវិកាជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនលានរៀលមកចែកជូនកងកម្លាំងនគរបាលទាំង ២៤០០ នាក់ផងដែរ។ ក្នុងនោះ មន្រ្តីនគរបាលមានតួនាទីចាប់ពីអធិការរងចុះក្រោមទទួលបាន ១០ ម៉ឺនរៀល មន្រ្តីនគរបាលមានតួនាទីចាប់ពីអធិការនិងប្រធានការិយាល័យឡើងទទួល បានម្នាក់ ២០ ម៉ឺនរៀល។ នេះបើតាមការឲ្យដឹងពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញកាលពីម្សិលមិញ។
ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ៣១ កក្កដា ឆ្នាំ២០១៤។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ (Photo by Siv Channa/The Cambodia Daily)