ត្រឡប់ក្រោយ

លោកស ខេង៖​ ស្វ័យភាព​​របស់​គជប និង​ការបន្ថែមខ្លឹមសារ​ទាក់​​ទង​នឹង​​ការ​ជ្រើសរើសសមាជិកគជបថ្មី​ ពុំ​ចាំបាច់ប​ន្ថែម​ក្នុង​រដ្ឋធម្មនុញ្ញនោះទេ​

លោក ស ខេង​ បានសរសេរលិខិតមួយច្បាប់នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤ ជូនលោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការកែសម្រួលមាត្រា ៧៦ និងការបង្កើតជំពូក ទី១៥ ថ្មី ទាក់​ទង​នឹង​អង្គ​ការ​រៀបចំការបោះឆ្នោតដែល​ក្រុម​ការងាររបស់គណបក្សទាំងពីរ បានឯកភាពក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ នៅវិមានរដ្ឋសភា។ ប៉ុន្តែលោកសខេង បានបញ្ជាក់ថា អំពីស្វ័យភាព​របស់​គជប និងការបន្ថែមខ្លឹមសារ​ទាក់​​ទងនឹង​ការជ្រើសរើសសមាជិកគជបថ្មី ពុំចាំបាច់បន្ថែមក្នុងរដ្ឋធម្មនុញ្ញនោះទេ។

ក្នុងលិខិត លោក ស ខេង លើកឡើងថា "ចំពោះសំណើទាំង ២ ចំណុច ដែលគណបក្សសង្គ្រោះជាតិ ស្នើឡើង ទាក់ទងនឹងស្វ័យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការ​បន្ថែម​ខ្លឹមសារទាក់​ទង​នឹង​ការជ្រើសរើសសមាជិកថ្មីជំនួស ក្នុងករណីមានការបាត់បង់សមាជិកភាពនោះ គណបក្សប្រជាជនកម្ពុជា យល់ឃើញថា ចំណុចទាំងនេះ ពុំមានការចាំបាច់រៀបចំបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនោះទេ ព្រោះថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ដែលត្រូវចែងតែអំពីគោលការណ៍ធំៗតែប៉ុណ្ណោះ"។

ម្យ៉ាងទៀត លោក ស ខេង បន្តថា "គោលការណ៍ដែលក្រុមការងារគណបក្សទាំងពីរ បានឯកភាពគ្នា បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី១ ខែសីហា កន្លងទៅ គឺមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធានាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តសមត្ថកិច្ចរបស់ខ្លួន ទាក់ទងនឹងការបោះឆ្នោត ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា