ត្រឡប់ក្រោយ

​ការប្រជុំស្តីពី​ការ​រៀបចំ​​​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ព្រឹទ្ធ​សភា ​​សម្រេច​បាន​​ការ​ព្រម​ព្រៀងគ្នាចំនួន៥ចំណុច​

ក្រុមការងាររបស់គណបក្សប្រជាជន និងគណបក្ស សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១១ ខែសីហា បាន​ជួបពិភាក្សាគ្នាម្ដងទៀតនៅវិមានព្រឹទ្ធសភាអំពីការរៀបចំ ឡើងវិញក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ដោយ​សម្រេច​បាន​ការ​ព្រមព្រៀងគ្នាចំនួន៥ចំណុច ។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយក្រុមការងារទាំង៦រូបរបស់ គណបក្សទាំងពីរសរសេរថា ក្នុងស្មារតីយោគយល់ និងសហប្រតិបត្តិការ គ្នាទៅវិញទៅមក ក្រុមការងារទាំងពីរបានពិភាក្សា និង​ឯកភាព​គ្នាដូចតទៅ៖
១. បង្កើតគណៈកម្មការទី១០ របស់ព្រឹទ្ធសភា ដែលហៅឈ្មោះថា " គណៈកម្មការ អង្កេតបោសសំអាត និងប្រឆាំងអំពើពុករលួយ " ។
២. ធ្វើវិសោធនកម្ម ប្រការ១៥ នៃបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ។
៣. ផ្តល់គណៈកម្មការចំនួនពីរ ឲ្យគណបក្សសមរង្ស៊ី ធើ្វជាប្រធាន ( គណៈកម្មការទី១ និងគណៈកម្មការទី១០ ) ដោយគណបក្សសមរង្ស៊ី ត្រូវបានទទូលបន្ថែម ជាលេខាធិការ ១ រូប និងជាសមាជិក ១ រូប (រូបមន្ត ៣/២) ។
៤. ផ្គល់មុខតំណែង អនុប្រធានគណៈកម្មការ ចំនួន ២រូប ដល់គណបក្សសមរង្ស៊ី (គណៈកម្មការទី៣ និងគណៈកម្មការទី៧) ។
ឯសមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី នៅសល់ចំនួន ៣ រូបទៀត ត្រូវបញ្ចូលជាសមាជិក គណៈកម្មការទី៣ ចំនួន ១ រូប គណៈកម្មការទី៧ ចំនួន ១ រូប គណៈកម្មការទី៨ ចំនួន ១ រូប ។
៥. ប្រគល់ជូនគណបក្សសមរង្ស៊ី នូវមុខតំណែង ជាអគ្គលេខាធិការរង ព្រឹទ្ធសភា ១ រូប ។
កិច្ចព្រមព្រៀងបន្តថា ក្រុមការងារគណបក្សទាំងពីរសន្យាថានឹងបន្តរួមសហការ ដ៏ល្អប្រពៃជាមួយគ្នា ដើម្បីចាត់ចែងបន្ត នីតិវិធីអនុវត្តន៍ឲ្យបានរលូននូវ គ្រប់ចំណុចនៃកិច្ចព្រមព្រៀង ខាងលើនេះ ។

សមាសភាពក្រុមការងារដែលបានចូលរួមការពិភាក្សាមានម្ខាង៣រូប ដោយខាងគណបក្សប្រជាជនកម្ពុជាមាន លោក ទេព ងន ជាប្រធាន និងលោក អ៊ុក ប៊ុនឈឿន និងលោក ជា ជេដ្ឋ ជាសមាជិក ចំណែកឯគណបក្ស សម រង្ស៊ី លោក គង់ គាំ ជាប្រធាន និង លោក ទាវ វណ្ណុល និងលោក ហុង សុខហួរ ជាសមាជិក  ។ បន្ទាប់ពីជួបពិភាក្សាគ្នារយៈពេលមួយម៉ោងពេញនាព្រឹកនេះ គណបក្សទាំងពីរ​ចេញ​កិច្ច​ព្រម​ព្រៀងមួយស្ដីពីការរៀបចំឡើងវិញ ក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ។

ដកស្រង់ពីគេហទំព័រវីអូឌី។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា