ក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានឯកភាពគ្នាធ្វើសេចក្ដីព្រាងច្បាប់ចំនួនពីរ ទី១ គឺការស្នើនិងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ទី២ សេក្ដីព្រាងស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ប្រគល់ភារកិច្ចឲ្យអ្នកជំនាញសរសេរច្បាប់នៃក្រសួងយុត្តិធម៌ និងមេធាវីតំណាងឲ្យគណបក្សសង្គ្រោះជាតិ រៀបចំធ្វើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរនឹងជួបគ្នាពិភាក្សាបន្តទៅលើសេចក្ដី ព្រាងច្បាប់ទាំងពីរនេះ នៅក្រោយពេលអ្នកជំនាញច្បាប់បានធ្វើរួចរាល់នៅថ្ងៃច័ន្ទ ទី១៨ សីហា នាដើមសប្ដាហ៍ក្រោយ។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា គណបក្សទាំងពីរចង់ឲ្យការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះឲ្យបាន ឆាប់កាន់តែល្អ។ លើសពីនេះទៀត លោក អេង ឆៃអ៊ាង បញ្ជាក់ថា ចំពោះសមាសភាពគ.ជ.ប វិញ ខាងគណបក្សមិនទាន់កំណត់បេក្ខជនឲ្យបានច្បាស់លាស់នៅឡើយ ករណីនេះទុកឲ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច។
ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារ។