ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សាធម្មនុញ្ញសម្រេច​ថា ខ្លឹមសារនៃប្រការ ៦ ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ​ស្របនឹងរដ្ឋធម្មនុញ្ញ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ សីហា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ  ដើម្បីពិនិត្យ និងសម្រេចលើសំណើ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ របស់លោក ហេង សំរិន ប្រធានរដ្ឋសភាស្នើ​សុំ​ពិនិត្យ​ធម្ម​នុញ្ញភាព លើវិសោធនកម្មប្រការ ៦ ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ កិច្ចប្រជុំនៅព្រឹកនេះ មានកូរ៉ុមប្រជុំ ចំនួន៨រូប ដែលដឹកនាំកិច្ចប្រជុំ ដោយលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ក្រុមប្រឹក្សាធម្មនុញ្ញ បានយល់ឃើញថា ខ្លឹមសារនៃប្រការ ៦ ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញនោះទេ។ ក្នុងនោះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចថា មាត្រា១. វិសោធនកម្ម ប្រការ ៦ ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាវិសាមញ្ញ ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ។

មាត្រា២. សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ក្នុងកិច្ចប្រជុំពេញអង្គ នៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាព អនុវត្តន៍​ទៅអំណាច​ទាំង​អស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។

នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា សប្តាហ៍ខាងមុខនេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេច អំពីចុតហ្មាយ ទូលថ្វាយព្រះមហាក្សត្រ នូវមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ស្តី​ពី​សេចក្តី​ស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ នៃមាត្រាទាំងឡាយ ពីជំពូកទី ១៥ ថ្មី ដល់ជំពូកទី១៦ ថ្មី នៃរដ្ឋធម្មនុញ្ញ។

ប្រភពពីគេហទំព័រCEN ចេញផ្សាយថ្ងៃ១៤ សីហា នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា