សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) និងគណបក្សមិនជាប់ឆ្នោតក្នុងសភា នៅថ្ងៃព្រហស្បតិ៍នេះ ទទូចជាថ្មីដល់គណបក្សជាប់ឆ្នោតទាំងពីរឲ្យបើកចំហ និងបង្ហាញតម្លាភាព គួបផ្សំនឹងលក្ខណៈវិនិច្ឆ័យ ក្នុងដំណើរការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្មី។
ការស្នើនេះ ធ្វើឡើងក្នុងវេទិកាតុមូលស្តីពីការជ្រើសរើសសមាសភាព គជប ថ្មី ក្រោមការរៀបចំរបស់អង្គការសង្គមស៊ីវិល ចំនួន២០ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន៥ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងនីតិកាលទី៥ កន្លងទៅនេះ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ក៏បានស្នើឲ្យមានការដាក់បញ្ចូលនូវលក្ខណៈវិនិច្ឆ័យ ៤ចំណុច ក្នុងការជ្រើសរើសសមាជិក គជប ថ្មី ដែលមិនមានកំណត់ក្នុងកិច្ចព្រមព្រៀងរបស់ក្រុមការងារគណបក្សទាំងពីរ រួមមានការកំណត់សញ្ជាតិខ្មែរពីកំណើត ការតម្រូវឲ្យមានសញ្ញាបត្រឧត្តមសិក្សា បទពិសោធនការងារយ៉ាងតិច១០ឆ្នាំក្នុងវិស័យពាក់ព័ន្ធ រួមនឹងលក្ខខណ្ឌ ដែលមិនជ្រើសចេញសមាជិកសភា ឬសាច់ញាតិរបស់អ្នកនយោបាយជាដើម។
វេទិកាតុមូលនេះ មិនមានវត្តមានតំណាងពីគណបក្សប្រជាជនកម្ពុជាឡើយ តែយោងតាមគេហទំព័រវីអូឌី បានឲ្យដឹងថាលោក ឈាង វុន ប្រាប់ថា ក្រុមការងារគណបក្សនេះនឹងគោរពទៅតាមកិច្ចព្រមព្រៀងកំពូលបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ចំពោះការជ្រើសរើសសមាជិក គជប ថ្មីនេះ ហើយក្រុមការងារបក្សទាំងពីរ នឹងបន្តពិភាក្សាលើការងារនេះនៅថ្ងៃខាងមុខ។
រូបភាពពីហ្វេសប៊ុក Maly Maly