យុវជនគណបក្សសង្គ្រោះជាតិ ចំនួនពីរនាក់ផ្សេងទៀតត្រូវបានតុលាការកោះឲ្យចូលខ្លួននៅចុងខែ នេះ ដើម្បីសាកសួរពាក់ព័ន្ធនឹងបាតុកម្មហិង្សា ដែលបានកើតឡើងកាលពីខែមុន នៅក្បែរទីលានប្រជាធិបតេយ្យ។
លោក អាន ប៉ាកឋម អាយុ ៣៥ឆ្នាំ ជាយុវជន និងលោក ពេជ្រ សំណាង អាយុ ៥១ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី គឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់ពីបទចូលរួមបះបោរប្រឆាំងនឹងមន្រ្តីសាធារណៈ និងអំពើហិង្សាដោយចេតនា ដែលបានប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យ នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ ទី១៥ ខែកក្កដា ដោយលោក កែវ មុនី ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ។
ភ្នំពេញប៉ុស្តិ៍បានស្រង់តាមដីកាកោះដែលចេញកាលពីសប្តាហ៍មុនដោយលោក កែវ មុនី បានឲ្យដឹងថា លោក អាន ប៉ាកឋម ត្រូវបានកោះឲ្យបង្ហាញខ្លួននៅតុលាការនៅថ្ងៃ ទី២៨ ខែសីហា ហើយលោក ពេជ្រ សំណាង ត្រូវចូលខ្លួននៅថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៤។
លោក កែវ មុនី បានសរសេរក្នុងដីកាថា៖ «ក្នុងករណីមិនបង្ហាញខ្លួនតាមកាលកំណត់ខាងលើ យើងនឹងចេញដីកាចាប់ខ្លួន»។ ទាំងលោក អាន ប៉ាកឋម និងលោក ពេជ្រ សំណាង បានបញ្ជាក់កាលពីម្សិលមិញថា ពួកគេនឹងបង្ហាញខ្លួន តាមដីកាកោះ ប៉ុន្តែ បានច្រានចោលទាំងស្រុងចំពោះបទចោទទាំងនេះ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តអ្វីដែលផ្ទុយនឹងច្បាប់ក្នុងហេតុការណ៍នោះ ទេ។
ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៤។