ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន សន្យាទៅកាន់រដ្ឋាភិបាលវៀតណាមថា កម្ពុជានឹងបញ្ចៀសកម្មភាពតវ៉ា និងដុតទង់ជាតិវៀតណាម មិនឲ្យកើតឡើងសាជាថ្មី ដោយចាត់វិធានការផ្លូវច្បាប់ទៅលើជនណាដែលបង្កសកម្មភាពបែបនេះ។ លោកបានសំដែងការសោកស្តាយដែលមានបាតុកម្មប្រឆាំងនឹងវៀតណាម ជាពិសេសការដុតទង់ជាតិប្រទេសវៀតណាម ដោយលោកចាត់ទុកថាសកម្មភាពនេះ ត្រូវបានធ្វើឡើងដោយក្រុមជ្រុលនិយមមួយក្រុម ដែលត្រូវបានញុះញង់ដោយកត្តាមួយចំនួន និងមិនបានដឹងពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។
ការសន្យានេះធ្វើឡើងនៅពេលហេង សំរិន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ដែលជាទស្សនកិច្ចថ្មីមួយទៀត។
យោងតាមគេហទំព័រវីអូឌីដែលបានដកស្រង់សារព័ត៌មានរបស់វៀតណាមwww.en.nhandan.org.vn ចុះផ្សាយនៅថ្ងៃទី១៨ខែសីហាថា« ទាក់ទងនឹងសកម្មភាពថ្មីៗរបស់ពួកជ្រុលនិយមខ្មែរកម្ពុជាក្រោមមួយ ចំនួន ដូចជាការការធ្វើបាតុកម្មខុសច្បាប់ប្រឆាំងនឹងវៀតណាម ការដុតទង់ជាតិប្រទេស ដែលធ្វើឲ្យប្រជាជនវៀតណាមឈឺចាប់ នាយករដ្ឋមន្ត្រីលោក Dung ស្នើរដ្ឋសភាកម្ពុជា និងរដ្ឋាភិបាលចាត់វិធានការសមរម្យ ដើម្បីបញ្ចៀសករណីស្រដៀងគ្នានេះ»។
ប្រភពពីគេហទំព័រវីអូឌី។