ត្រឡប់ក្រោយ

អ្នកនាំពាក្យ​ព្រឹទ្ធសភា សន្យាបើក​ចំហរព័ត៌មាន និងមិន​​ប្រកាន់និន្នាការនយោ​បាយ​

នៅក្នុងសិក្ខាសាលាក្រោមប្រធានបទ «ការលើកកម្ពស់ការប្រាស្រ័យទាក់ទងសភា និងក្រុមអ្នកកាសែត ប្រកបដោយប្រសិទ្ធិភាព» នៅថ្ងៃពុធទី២០ ខែសីហា នេះ មន្ត្រីជាន់ខ្ពស់ព្រឺទ្ធសភា បាន​ប្រកាស​បើក​ទ្វារ​ចាំ​ទទួល​អ្នកកាសែត ដែលចង់ដឹងព័ត៌មានសំខាន់ៗរបស់ព្រឹទ្ធសភា។ ការប្រកាសបែបបែបនេះ បានធ្វើឡើងខណៈដែលនាពេលកន្លងមក ស្ថាប័ននីតិបញ្ញត្តិមួយនេះ រងការរិះគន់ថា បានព្រងើយកន្តើយ និង​បិទ​បាំង​ព័ត៌​មាន​ជាមួយអ្នកកាសែត។

លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការនៃព្រឹទ្ធសភា និង​ជាអ្នក​នាំ​ពាក្យ​មួយ​រូប​ផង​ដែរ​នៃ​ស្ថាប័ន​កំពូលរបស់ជាតិមួយនេះ អះអាងបន្ថែមថារាល់ព័ត៌មានសំខាន់ៗទាំងឡាយរបស់ស្ថាប័នព្រឹទ្ធសភា នឹងត្រូវទម្លាយ​ប្រាប់​អ្នក​​សារព័ត៌មានជាប្រចាំ និង​សូមប្តេជ្ញាថា នឹងបង្កើនទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដើម្បីឲ្យពួកគាត់បានដឹងពីសកម្មភាព និងព័ត៌មានដែលព្រឹទ្ធសភាបានធ្វើ។ ព័ត៌មានដែលដែល​យើង​អាច​បញ្ចេញ​បាន យើងនឹងបញ្ចេញ លែងស្ងៀមស្ងាត់ទៀតហើយ។

លោក អ៊ុំ សារឹទ្ធ បានបន្តថា  ពេលនេះយើងទើបតែរៀបចំឲ្យមានអ្នកនាំពាក្យពីរនាក់ គឺរូបខ្ញុំ ផ្នែករដ្ឋបាល និងម្នាក់ទៀត គឺ លោក ម៉ម ប៊ុននាង ដែលជាសមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់អំណាច ចាំឆ្លើយ​ផ្នែក​នយោបាយ»។

អ្នកនាំពាក្យផ្នែកនយោបាយ លោក ម៉ម ប៊ុននាង បានសន្យាថា លោកនឹងបំពេញតួនាទីជាអ្នកនាំពាក្យស្ថាប័នព្រឹទ្ធសភាដោយអព្យាក្រឹត មិនប្រកាន់និន្នាការនយោបាយ បើទោះបីជារូបលោកជា​សមាជិក​ព្រឹទ្ធ​សភា​មកពីគណបក្សប្រជាជនកម្ពុជាក៏ដោយ។ មិនតែប៉ុណ្ណោះ លោកក៏ស្វាគមន៍ចំពោះអ្នកសារព័ត៌មានដែលសួរលោកចង់ដឹងពីព័ត៌មានសំខាន់ៗរបស់រដ្ឋសភាផងដែរ។

ដកស្រង់ពីគេហទំព័រថ្មីៗ ចេញផ្សាយថ្ងៃទី២០ សីហា ឆ្នាំ២០១៤។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា