ត្រឡប់ក្រោយ

សកម្មជនយុ​វជន​បក្សសង្រ្គោះជាតិ​៣ រូប​ត្រូវបាន​ដោះលែង​​ឲ្យ​នៅ​ក្រៅឃុំ​ព្រឹកនេះ​

សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រនេះ សម្រេចដោះលែងឲ្យយុវជនគណបក្សសង្គ្រោះជាតិឲ្យទាំង៣រូបឲ្យនៅក្រៅឃុំ តែត្រូវគោរពតាមលក្ខខណ្ឌ៤ចំណុច ។ ពោលគឺ​ មិនអនុញ្ញាតឲ្យចេញទៅក្រៅប្រទេស មិន​ឲ្យ​ផ្លាស់​ទីលំនៅ ត្រូវចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការ និងតម្កល់ប្រាក់ម្នាក់៤លានរៀល ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ បន្ទាប់ពីសវនការលើយុវជនទាំង៣នាក់ត្រូវបានបញ្ចប់ ថា តុលាការ​សម្រេចដោះលែងយុវជនទាំងបីឲ្យ​នៅ​ក្រៅ​ឃុំ តែតុលាការមិនទាន់ប្រគល់ទ្រព្យសម្បត្តិ និងវត្ថុតាងដែលតុលាការបានរឹបអូសពីជនទាំងបីនៅឡើយទេ។ លោកបន្តថា នៅថ្ងៃទី២ ខែកញ្ញា តុលាការនឹងបើកសវនាការដើម្បីសម្រេចថា គួរប្រគល់ឲ្យ​ទ្រព្យ​សម្បត្តិ និងវត្ថុតាងទាំងនោះទៅឲ្យជនជាប់ចោទទាំងបីឬយ៉ាងណា ។


យុវជនដែលជាសកម្មជនគណបក្សសង្គ្រោះជាតិទាំង៣រូបរួមមាន លោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌច្បារអំពៅ លោក សាន គីមហេង ប្រធាន ចលនាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌទួលគោក និងលោក នាង សុឃុន ហិរញ្ញិកចលនា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ច្បារ​អំពៅ ។

ប្រភពីគេហទំព័រវីអូឌីចេញផ្សាយថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា