លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងរៀបចំដំណើរការនៃការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដោយក្រសួងសម្រេចជ្រើសរើសច្បាប់ សំខាន់ៗនៃប្រទេសចំនួន១០ធ្វើជាមូលដ្ឋានក្នុងការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Anne Lemaistre ប្រធាន ការិយាល័យយូណេស្កូប្រចាំកម្ពុជាព្រឹកថ្ងៃទី២៥ ខែសីហានេះនៅទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា ដំបូងក្រសួងបានអញ្ជើញរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីមកពន្យល់ពីដំណើរការនៃការរៀបចំ និងបានធ្វើការប្រជុំជាទៀងទាត់ដើម្បីប្រមូលឯកសារទាំងអស់ដែលមាន នៅលើពិភពលោកដើម្បីយកមកធ្វើការសិក្សាស្រាវជ្រាវរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។ ក្នុងការស្រាវជ្រាវនេះក្រសួងឃើញថា មានប្រទេសចំនួន៩៩ប្រទេសដែលគេមានច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាននេះ ក្នុងនោះមានប្រទេសស៊ុយអែតដែលជាស្ថាបនិកមុនគេបង្អស់ក្នុងការ តាក់តែងច្បាប់នេះនៅឆ្នាំ១៧៦៦ និងបានធ្វើវិសោធនកម្មនៅឆ្នាំ១៩៧៦។
លោកបន្តថា ថ្ងៃនេះយើងបានជជែកគ្នាជាមួយលោកស្រីប្រធានការិយាល័យយូណេស្កូ ប្រចាំកម្ពុជាដើម្បីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ហើយយើងបានឯកភាពជំហានដំបូង គឺយកក្រសួងទាំងអស់ចំនួន១៨រាប់ទាំងក្រសួងព័ត៌មានផ្ទាល់ផងដើម្បី រៀបចំជាមន្ត្រីចូលរួមក្នុងគណៈកម្មការអន្តរក្រសួងតាក់តែងច្បាប់នេះ ។ ទន្ទឹមនោះដែរយើងនឹងអញ្ជើញខាងអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិមួយចំនួនទៀតដែលទាក់ទិនបញ្ហានេះឲ្យចូលរួម ដោយឲ្យអង្គការយូណេស្កូធ្វើជាតំណាងក្រសួងក្នុងការអញ្ជើញ គណៈកម្មការនេះនៅពេលណាដែលយើងបានប្រមូលគ្រប់ហើយ យើងគិតថានៅចុងខែកញ្ញា ឬដើមខែតុលា ក្រសួងនឹងអាចធ្វើកិច្ចប្រជុំដំបូងដើម្បីកំណត់អំពី ការស្រាវជ្រាវបឋម និងស្វែងយល់ពីគ្នាដើម្បីបោះជំហានចេញដើរលើបញ្ហាការរៀបចំ សេចក្តីព្រាងច្បាប់នេះ។
តាមរបាយការណ៍ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ការរៀបចំសេចក្តីព្រាងច្បាប់នេះនឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេលបី ឆ្នាំមុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦។
ប្រភពពីគេហទំព័រកម្ពុជាថ្មីចេញផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤។