ក្នុងពីធីជួបជុំកាលពីយប់ថ្ងៃអង្គារទី២៦ សីហា នៅទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ ក្រោយរដ្ឋសភាសម្រេចបោះឆ្នោតផ្ដល់តំណែងជូនគណបក្សប្រឆាំងលោកសម រង្ស៊ី បានថ្លែង ដោយផ្ញើសារចំៗទៅកាន់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធសាធារណៈទូទាំងប្រទេស ឲ្យបន្ទបន់ឥរិយាបទ និងបញ្ឈប់រាល់សកម្មភាពរារាំងដំណើរបេសកកម្មរសើបៗរបស់គណបក្សប្រឆាំង។
ហើយចាប់ពីថ្ងៃ ដែលបក្សប្រឆាំងបានទទួលតំណែងនេះទៅ លោកនឹងដឹកនាំក្រុមអ្នកតំណាងរាស្ត្រ ចុះត្រូតពិនិត្យកន្លែងមានបញ្ហាអយុត្តិធម៌ និងមិនប្រក្រតីមួយចំនួន ដោយមានទាំងដំណើរបេសកកម្មរបស់ប្រធានគណៈកម្មការជំនាញរដ្ឋសភាផងដែរ។ «គ្មាននរណារារាំងទៀតទេ យើងចង់ទៅមើលដីធ្លី ព្រៃឈើ សម្បទានរបស់បរទេសឈ្លានពាន កន្លែងដែលគេធ្វើបាបរាស្ត្រ ទៅមើលព្រំដែន យើងនាំគណៈកម្មការយើង ស្ថាប័នសភាទៅមើល ហើយរដ្ឋអំណាច និងអាជ្ញាធរ ត្រូវតែសម្រូល ដោយមិនរារាំងយើងបានឡើយ»។ នេះជាសារនយោបាយរបស់លោក សម រង្ស៊ី មុននឹងលោកអំពាវនាវម្ចាស់ឆ្នោតចាំមើលសកម្មភាព ដែលបក្សប្រឆាំងនឹងធ្វើនាពេលខាងមុខនោះ។
ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃទី២៨ សីហា ឆ្នាំ២០១៤។