ត្រឡប់ក្រោយ

តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​​គណបក្ស​​ប្រជាជន​​កម្ពុជា​​បាន​​​រួម​​គ្នា​​ដើម្បី​រក​ដំណោះ​​ស្រាយ ជម្លោះ​ដី​ធ្លី​

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា ដែលមានអ្នកតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អង្គុយ​រួមគ្នា​ដើម្បីរក​ដំណោះ​ស្រាយ ជម្លោះដីធ្លីដ៏រាំរៃមួយនៅក្នុងខេត្តកំពង់ឆ្នាំង។ ជម្លោះនេះកើតមានអស់រយះពេលជិត១០ឆ្នាំមកហើយរវាង ប្រជាពលរដ្ឋនិងក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រីជា ខេង ភរិយារបស់លោកស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និងថាមពល។

បន្ទាប់ពីបានទទួលពាក្យបណ្តឹង គណៈកម្មការទី១បានកោះហៅតំណាងក្រុមហ៊ុន តំណាងអង្គការសិទ្ធិមនុស្សធំៗចំនួនពីរគឺសមាគមសិទ្ធិមនុស្សអាដហុក និង លីកាដូ មកអង្គុយតុចរចារួមគ្នាដើម្បីទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រកក្នុង​រឿង ជម្លោះដីធ្លីនេះ។

លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ មានប្រសាសន៍ថា នេះជាលើកដំបូង ហើយដែលគណៈកម្មការជំនាញរបស់រដ្ឋសភាបានកោះហៅតំណាងក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលមកជជែក​គ្នាដើម្បី​រក​ដំណោះស្រាយ។ ក៏ប៉ុន្តែការជជែកលើកនេះមិនមានតំណាងប្រជាពលរដ្ឋណាម្នាក់បានចូល រួមទេ។ លោក​មានប្រសាសន៍ថា ជំនួបលើកនេះ បើទោះបីជាមិនបានលទ្ធផលជាវិជ្ជមានក៏ដោយ ក៏នេះបាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្សជាប់ឆ្នោតទាំងពីរនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា វិវាទដីធ្លី។

លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកដែលបានចូលរួម ក្នុងជំនួបទល់មុខគ្នានោះ បានបញ្ជាក់ថា លោកបានដាក់របាយការណ៍ជូនគណៈកម្មការទី១អំពីជម្លោះដីធ្លីនៅភូមិ ឡពាង។ លោកបានលើកឡើងថា «យ៉ាងហោច វាគ្រាន់បើជាងអាណត្តិមុនៗ ដែលយើងគ្រាន់តែសុំដាក់ញាត្តិក៏គេមិនទទួល។ ប៉ុន្តែពេលនេះ វាបែរទៅជាគណៈកម្មការរបស់រដ្ឋសភា បើកឱកាសឲ្យយើងពន្យល់ បើកឱកាសឲ្យយើងបង្ហាញឯកសារ ហើយបើកឱកាសឲ្យយើងបង្ហាញជាមតិយោបល់របស់យើង»។

ដកស្រង់ពីគេហទំព័រវិទ្យុវីអូអេជាខេមរភាសាចេញផ្សាយថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា