ត្រឡប់ក្រោយ

រដ្ឋា​ភិបាល​​​សម្រេច​ផ្ទេរ​ភារកិច្ច​អភិបាល​រង​ខេត្ត​បីរូបមក​ពីគណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ​ឲ្យ​មកបំពេញ​ការងារ​នៅ​ទីស្តីការក្រសួងមហាផ្ទៃវិញ​

រដ្ឋាភិបាលបានសម្រេចផ្ទេរភារកិច្ចអភិបាលរងខេត្តបីរូបមកពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលមិនបានជាប់អាសនៈនៅក្នុងការបោះឆ្នោតកន្លងមកឲ្យមកបំពេញ ការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។

ការប្រកាសផ្ទេរនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យចំនួន ៣ ចុះថ្ងៃ ទី២៩ ខែសីហា ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងអនុក្រឹត្យនោះ បានសម្រេចថា លោក កាន់ វុឌ្ឍី ត្រូវប្តូរពី​អភិបាល​រង​នៃ​គណៈ​អភិបាល ខេត្តព្រះវិហារ ឲ្យមកបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ ហើយអ្នកត្រូវចូលជំនួសតំណែងរបស់លោក គឺ លោក លី សារ៉ារិទ្ធិ មានឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ ១០។

លោក ចាន់ សាមិន ប្តូរពីអភិបាលរងនៃគណៈអភិបាល ខេត្តកែប ឲ្យមកបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ ហើយអ្នកត្រូវជំនួសតំណែងរបស់លោកគឺ លោក ទេព យុទ្ធិ មានឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ ៦។

ចំណែក លោក ឌៀប ណារ៉េត ត្រូវប្តូរពីអភិបាលរងនៃគណៈអភិបាល ខេត្តស្ទឹងត្រែង ឲ្យមកបំពេញការងារនៅឯទីស្តីការក្រសួងមហាផ្ទៃ ហើយលោក យូ ប៉ាសិទ្ធិ មានឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ ១០ ត្រូវ​ចូល​ជំនួស​តំណែងរបស់លោក។

អគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានថ្លែងថា លោកមិនបានដឹងច្បាស់ពីមូលហេតុនៃការដកហូតតំណែងមន្រ្តីទាំងបី នាក់នេះទេ តែលោកមានការសោកស្តាយ ដោយលោកគិតថា ពួក​គេ​ទាំងនោះ សុទ្ធតែជាមនុស្សមានសមត្ថភាព និងធ្វើការងារល្អក្នុងជួររដ្ឋាភិបាល។ លោកគិតថា ការផ្លាស់ប្តូរនេះ អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយខ្លះ តែមិនទាំងស្រុងនោះទេ។

ដកស្រង់ពីគេហទំព័រវិអូឌីចេញផ្សាយថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា