ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តីបង្ហាញជំហរលើការទទួល​យក​ជន​ភៀសខ្លួន​

បន្ទាប់ពីវិលមកពីចូលរួម កិច្ចប្រជុំអាស៊ី អឺរ៉ុប នៅប្រទេសអ៊ីតាលីនាថ្ងៃទី ១៩ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់អំពីជំនួបជាមួយរដ្ឋមន្ត្រីការប្រទេសអូស្ត្រាលីនៅទី នោះ គឺកម្ពុជានឹងរក្សាជំហរដដែលលើការអនុវត្តន៍កិច្ចព្រមព្រៀង ទទួល​យក​ជន​ភៀស​ខ្លួន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក។ ប៉ុន្តែអង្គការសង្គមស៊ីវិល គ្រោងនឹងចេញមុខតវ៉ាប្រឆាំង លើការអនុវត្តន៍កិច្ចព្រមព្រៀងនោះ។

ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស មានប្រសាសន៍នៅថ្ងៃទី ១៩តុលាថា មិនមែនត្រឹមតែប្រជាពលរដ្ឋ និងក្រុមនិស្សិតកម្ពុជានោះទេ ដែលចេញមុខតវ៉ាប្រឆាំងនឹងការអនុវត្តន៍កិច្ចព្រមព្រៀងនោះ សូម្បីតែសហគមន៍អន្តរជាតិ ប្រជា​ពល​រដ្ឋ​​និង​គណបក្សប្រឆាំងរបស់អូស្ត្រាលី ក៏ប្រឆាំងនិងសេចក្ដីសម្រេចនោះដែរ។ ម៉្យាងវិញទៀត ប្រជាប្រិយភាពចំពោះការទទួលយកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋ នៅប្រទេសកម្ពុជានិងអូស្ត្រាលី នឹងធ្លាក់ចុះ នាការបោះឆ្នោតអាណត្តិក្រោយ ប្រសិន​បើ​ប្រទេស​ទាំង​ពីរមិនព្រមលុបចោលនូវកិច្ចព្រមព្រៀងបញ្ជូន និងទទួលជនភៀសខ្លួននោះទេ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន មានប្រសាសន៍នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញថាប្រទេសទាំងពី បានជួយពិភាក្សាគ្នា លើការអនុវត្តន៍ទទួលយកភៀសខ្លួន ដែលជាការធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមែនជាការចាប់បង្ខំនោះទេ។ ភាគី​ទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលជាកាតព្វកិច្ចអន្តរជាតិ។

ស្របពេលជាមួយគ្នានេះក្រុមអង្គការសិទ្ធមនុស្សអន្តរជាតិ រួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូម៉ែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ បានកត់សំគាល់ឃើញថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងអូស្ត្រាលី គឺមិនមានឆ្លើយតបទៅនឹងការ ប្ដេជ្ញា​ចិត្ត​របស់ប្រទេសទាំងពីឡើយ ដោយប្រទេសទាំងពីរនោះ ទទួលយកផលចំណេញរៀងខ្លួន ក្នុងនោះ ប្រទេសអូស្ត្រាលីកំពុងអនុវត្តន៍គោលនយោបាយ កាត់បន្ថយជនភៀសខ្លួន ចេញពីប្រទេសរបស់គេ និងប្រទេសកម្ពុជាវិញ សុខចិត្តទទួលជាជនភៀសខ្លួន ដោយ​សារអូស្ត្រាលីជាប្រទេសទទួលស្គាល់លទ្ធផលបោះឆ្នោតអាណត្តិទី៥ ដំបូងគេ និងផ្ដល់ជាជំនួយអភិវឌ្ឍ។

របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានជនភៀសខ្លួនចំនួនជាង៩០នាក់ រួមមានជនជាតិភូមា វៀតណាម ប៉ាគីស្ថាន សិរីលង្កា ប៉ាឡេស្ទីន ថៃ អ៊ីរ៉ាក់ និងឥណ្ឌា ដែល​ទទួល​ការ​ការ​ពារ​ពី​ឧត្ដម​ស្នង​ការ​នៃ​អង្គ​ការ​សហ​ប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន។

ប្រភពពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា