យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ២៧ បានឲ្យដឹងថានៅព្រឹកព្រហស្បតិ៍ ទី ០២កក្តដានេះ លោកនាយករដ្ខមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើក ទី៧ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កិច្ចប្រជុំនេះនឹងអនុម័តលើ “យុទ្ធសាស្ដ្រតូក្យូថ្មី ២០១៥ សម្រាប់កិច្ចសហប្រតិបត្ដិការមេគង្គ-ជប៉ុន” ក្នុងរយៈពេលបីឆ្នាំខាងមុខ (២០១៦ ដល់២០១៨) ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្ដ្រី រួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមេគង្គនឹងជួបជាមួយ ប្រធានរដ្ឋសភាជប៉ុន លោក តាដាម៉ូរី (TADAMORI) និងប្រធានព្រឹទ្ធសភាជប៉ុន លោក យ៉ាម៉ាហ្សាគី ម៉ាសាអាគី (YAMAZAKI Masaaki) ព្រមទាំងទៅចូលរួមក្នុងព្រះរាជពិធីមួយនៅព្រះបរមរាជវាំងជប៉ុន ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីន ហ្សូអាបេ ផងដែរ ។