នៅក្នុងទិវាមច្ឆាជាតិ នៅថ្ងៃពុធ ម្សិលមិញដែលប្រារព្ធទៅក្នុងខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ការដាក់បដានៅរាជធានីភ្នំពេញ ស្តីពីការផ្សព្វផ្សាយអំពីមច្ឆាជាតិ ដោយលោកចាត់ទុកថានេះជាការផ្សព្វផ្សាយខុសទីកន្លែង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការផ្សព្វផ្សាយខុសទីកន្លែងនាំឲ្យខាតបង់ថវិកា។ លោកបញ្ជាក់ថា«ពេលគេដែលគេរាំក្បាច់ ឯងទៅរាំវង់ធ្វើព្រងើយទៅ ខុសកន្លែង តិចឭសូរប៉ុណ្ណឹងចាប់ផ្តើមនាំគ្នាទូរសព្ទ ទៅ ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញដកអែង ដកបដាហ្នឹងចេញ។ ទុក ទុកគ្រាន់មើល ថាធ្វើហ្នឹងត្រូវ ឬមិនត្រូវព្រោះអាបដាហ្នឹងធ្វើអស់លុយមិនតិចទេណា »។
លោក ហ៊ុន សែន បានបន្ថែមថា លោកបានឃើញបដាមួយនៅជិតផ្ទះរបស់លោក ក្បែរវិមានឯករាជ្យ«សូមហាមប្រើឧបករណ៍ឆក់ត្រី និងអួនស្បៃមុងដែលជាឧបករណ៍ខុសច្បាប់» ដោយលោកចាត់ទុកថារាជធានីភ្នំពេញមិនមែនជាកន្លែងសម្រាប់នេសាទត្រីនោះ ទេ។ លោកបញ្ជាឲ្យដាក់ការផ្សព្វផ្សាយនេះនៅកន្លែងដែលមានការនេសាទច្រើន។