ត្រឡប់ក្រោយ

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ រដ្ឋសភា និងធ្វើសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល

លោក  ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ​ លោកជំទាវ ជូលី ជុង (Julie chung)អនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅ កម្ពុជា នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

លោកស្រី ជូលី ជុង (Julie chung) បានមានប្រសាសន៍ថា ជាដំបូងលោកជំទាវសូមស្វាគមន៍ចំពោះគណបក្សនយោបាយធំៗទាំងពីរ ដែលបាន ព្រមព្រៀងធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភា មួយវិញទៀតការមកជួបធ្វើសវនាការនាពេលនេះ លោកជំទាវក៏ចង់ ដឹងពីការវិវត្តន៍ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនមករដ្ឋសភា នាពេលកន្លងមក ហើយសង្ឃឹមថារដ្ឋសភា នឹងមានការបើកចំហរអោយមានការពិគ្រោះយោបល់ទូលំទូលាយលើសេចក្តីព្រាង ច្បាប់នេះ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ឈាង វុនបានមានប្រសាសន៍ថា ក្រោយពីបានទទួលសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមក គណៈកម្មការទី៥នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការជំនាញទី៤ និងទី៦បានធ្វើការពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិត​ល្អន់ ហើយសេចក្តីព្រាងច្បាប់នេះមានសរសេរពីគោលបំណងនិងគោលដៅយ៉ាងច្បាស់លាស់ដែលជាការពង្រឹងតួនាទី របស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអោយទៅជាដៃគូអភិវឌ្ឍន៍ល្អរបស់កម្ពុជា។
លោក ឈាង វុន បានបញ្ជាក់ថារដ្ឋសភានឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយពីសេចក្តី​ ព្រាងច្បាប់នេះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា