ត្រឡប់ក្រោយ

ព្រៃឡង់បន្តរងការគំរាមកំហែង ខណៈរដ្ឋាភិបាលសន្យារក្សាការពារ

របាយការណ៍ដែលមានចំណងជើងថា ការវាយតម្លៃពីជីវចម្រុះនៅតំបន់ព្រៃឡង់ ចេញផ្សាយ ខែឧសភា​ ឆ្នាំ ២០១៥ បានឲ្យដឹងថា មកដល់សព្វថ្ងៃព្រៃឡង់នៅតែបន្តទទួលរងការគំរាមកំហែងដោយការកាប់ឈើដែលកំពុងកើតមានក្នុងអត្រាខ្ពស់បំផុត។ ការកាប់ឈើនេះគេសង្កេតឃើញកើតមានភាគច្រើននៅតំបន់ព្រៃស្រោងភាគកណ្តាល ហើយ មកដល់ពេលនេះ មានការដឹកជញ្ជូនឈើចេញពីក្នុងព្រៃដោយប្រើប្រាស់មធ្យោបាយផ្សេងៗដោយគ្មានការទប់ស្កាត់ទាល់តែសោះ។

របាយការណ៍នេះបានឲ្យដឹងដែរថា ក្រុមហ៊ុនសម្បទានកាប់ឈើចំនួនបី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនភាភីមិច (Pheapimex Fuchan), ក្រុមហ៊ុនអេវើប្រាយ (Everbright CIG Wood Co,Ltd.,) និង ក្រុមហ៊ុន Colexim Forest Concession បានធ្វើ សកម្មភាពកាប់ឈើយ៉ាងសកម្មក្នុងព្រៃឡង់រហូតដល់ឆ្នាំ ២០០២។

ដោយឡែក តាមរបាយរបស់សហគមន៍ព្រៃឡង់ឆ្នាំ ២០១៣-២០១៤ បានឲ្យដឹងដែរថា ទំហំផ្ទៃដីព្រៃ នៅ តំបន់ព្រៃឡង់បានបាត់បង់ប្រមាណជិតពាក់កណ្តាល គឺនៅសល់តែប្រមាណ ៣៦ ម៉ឺនហិតា នៃ ៦១ម៉ឺនហិតាដែលបានកំណត់នៅក្នុងអនុក្រឹត្យស្តីពីការបង្កើតតំបន់ ព្រៃការពារ និងអភិរក្សជីវចំរុះ។ នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០១ កក្កដា ២០១៥។

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ត្រង់វិស័យការអភិវឌ្ឍន៍សេដ្ឋកិច្ច រាជរដ្ឋាភិបាលបានសន្យាថា រក្សាផ្ទៃដីដែលគ្របដណ្តប់ដោយព្រៃឈើ ដោយត្រូវបង្កើនការការពារធនធានព្រៃឈើ ពិសេសការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ, ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ, ជម្រុញការដាំដើមឈើឡើងវិញ និងបង្កើនសមត្ថភាពសហគមន៍ព្រៃឈើ នៅលើមូលដ្ឋានធានាចីរភាព និងប្រសិទ្ធភាពគ្រប់គ្រង។

រូបភាពពី៖ គេហទំព័រ Thmey Thmey

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា