រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង ជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ លោក ស ខេង ណែនាំឲ្យអាជ្ញាធរនៅតាមរាជធានីខេត្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយ។នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី២៦ ខែមករា លោក ស ខេង លើកឡើងថា វិធានការក្នុងការទប់ស្កាត់បទល្មើសចរាចរណ៍ដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ ហើយការយល់ដឹងច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិត។លោក ស ខេង បានធ្វើការណែនាំដល់ប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តទាំងអស់សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានទូលំទូលាយដល់ពលរដ្ឋនៅតាមមូលដ្ឋាន អ្នកបើកបររថយន្តដឹកកម្មករ ដឹកអ្នកដំណើរ និងដឹកទំនិញ ព្រមទាំងបង្កើនការដាក់តាំងបដាពាក្យស្លោក និងរូបភាពពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លុវ។