ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា លើកឡើងថាការបូមខ្សាច់របស់កម្ពុជានិងនាំចេញទៅប្រទេសសិង្ហបុរីជា កិច្ចការជំនួញមួយដែលមិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលប្រទេស សិង្ហបុរីនោះទេ។ការលើកឡើងបែបនេះជាការឆ្លើយតបទៅនឹងលិខិតរបស់ក្រុមបណ្តាញយុវជន សមាគមនិងអង្គការសរុបចំនួន៦ដែលបានដាក់លិខិតទៅស្ថានទូត សិង្ហបុរីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៦ ខែមករា ដោយស្នើសុំចូលជួបពិភាក្សាស្តីពីគោលជំហររបស់ប្រទេសមួយនេះ ក្នុងការទិញខ្សាច់ពីកម្ពុជា ដោយពួកគេបារម្ភថាការបូមខ្សាច់នេះប៉ះពាល់ដល់បរិស្ថាននិង ការរស់នៅរបស់ប្រជាពលរដ្ឋ។ សមាគមនិងអង្គការនោះមានដូចជាចលនាមាតាធម្មជាតិ បណ្តាញយុវជនកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការសមធម៌កម្ពុជានិងយុវជនខ្មែរមហានគរ។នៅក្នុងលិខិតមួយចុះថ្ងៃទី២១ខែមករាជាការឆ្លើយតបទៅនឹង ក្រុមសង្គមស៊ីវិល ស្ថានទូតសិង្ហបុរីបានបញ្ជាក់ថាការនាំចូលខ្សាច់របស់កម្ពុជាទៅប្រទេស សិង្ហបុរី ជាការធ្វើឡើងជាលក្ខណៈជំនួញ ដោយថារដ្ឋាភិបាលសិង្ហបុរីមិនពាក់ព័ន្ធក្នុងកិច្ចការជំនួញ ទាំងនេះទេ។