ត្រឡប់ក្រោយ

បក្សប្រឆាំងស្នើឲ្យចាត់កម្លាំងការពារផ្ទះលោក សម រង្ស៊ី និងលោក កឹម សុខា

គណបក្សសង្រ្គោះជាតិ​ ដាក់លិខិតមួយច្បាប់ទៅ​សាលារាជធានីភ្នំពេញ ដោយ​ស្នើ​ឲ្យ​ចាត់កម្លាំងការពារ​ផ្ទះរបស់​មេដឹកនាបក្ស​ប្រឆាំង​ ព្រមទាំង​ទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែក្រោម​​ផងដែរ។​​ក្នុងលិខិតមួយ​ដែល​សរសេរទៅ​អភិបាលរាជធានីភ្នំពេញ គណៈកម្មាធិការប្រតិបត្តិគណបក្ស​ប្រឆាំង បាន​ស្នើឲ្យ​ចាត់កម្លាំង​ការពារសន្តិសុខ​ សុវត្ថិភាព​ទីស្នាក់ការ​កណ្តាលគណបក្ស រួមទាំងគេហដ្ឋាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំងអ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណបក្ស​សង្រ្គោះ​ជាតិ។​កាលពីសប្តាហ៍មុន ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំង ដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយពួកគេ។ ការស្នើ​សុំនេះ​បន្ទាប់ពី​ បុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទលោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា