គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចធ្វើសមាជដែលរៀបចំឡើងពីថ្នាក់ក្រោមជាតិមកវិញ។ សមាជគណបក្សដែលដំណើរការជាលើកដំបូង ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ និងចុះក្នុងបញ្ជីឈ្មោះស្ដីពីគណបក្សនយោបាយកាលពីឆ្នាំ២០១៥ រួចមកនេះ ត្រូវបានមន្ត្រីគណបក្សអះអាងថា ជាការអនុវត្តតាមបែបប្រជាធិបតេយ្យ។មន្ត្រីនៃគណៈកម្មការកណ្ដាលបណ្ដោះអាសន្នរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឲ្យដឹងថា នីតិវិធីនៃការជ្រើសរើសតំណាងឲ្យឃុំ-សង្កាត់ គឺពុំមែនជាអង្គការចាត់តាំងពីថ្នាក់ជាតិទេ ក៏ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលនយោបាយមួយដែលកំណត់ក្នុងកម្មវិធីនយោបាយ គឺរាល់សេចក្ដីសម្រេច ត្រូវធ្វើពីថ្នាក់ក្រោមជាតិទៅវិញ ពោលគឺពីឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត-ក្រុង។ការថ្លែងដូចនេះរបស់ លោក មួង សុជាតិ ជាសមាជិកគណៈកម្មការកណ្ដាលបណ្ដោះអាសន្នរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ទាប់ពីបញ្ចប់សមាជ កាលពីថ្ងៃទី២៨ កុម្ភៈ។លោក មួង សុជាតិ បញ្ជាក់ថា ការតែងតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្នាក់ក្រោមជាតិនេះ គឺពុំមែនធ្វើឡើងពីថ្នាក់ជាតិមកវិញ ពោលគឺត្រូវបោះឆ្នោតពីសមាជិកដែលគាំទ្រ។