រដ្ឋមន្ត្រីក្រសួងដែនដីរំលឹកមន្ត្រីរបស់ខ្លួនឲ្យជួយទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័នដែលលោកថាធ្វើប៉ះពាល់ដល់ប្រសិទ្ធិភាពការងារក្នុងយុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។ លោក អ៊ឹម ឈុនលឹម ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំថ្មីដែលធ្វើឡើងនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១ខែមីនា រដ្ឋមន្ត្រីនៃក្រសួងនោះបានរំឭកឲ្យមន្ត្រីក្រោមឱវាទ ត្រូវបន្តពង្រឹងតាមដានវត្តមានមន្ត្រីនិងមានវិធានការចំពោះមន្ត្រីដែលលោកថាមិនមកធ្វើការនិងមន្ត្រីអសម្ម ស្របតាមច្បាប់ស្តីពីសហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល។ លោក អ៊ឹម ឈុនលឹម ឲ្យដឹងទៀតថាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រី ការពង្រឹងជំហរស្មោះត្រង់លើជំនាញវិជ្ជាជីវៈ លោកថាដើម្បីទប់ស្កាត់មន្ត្រីខ្លះប្រើតួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអនុវត្តខុសឆ្គងដដែលៗ ធ្វើឲ្យខូចប្រសិទ្ធិភាពការងារដល់ការជំរុញល្បឿនចេញលិខិតអនុញ្ញាតិឲ្យសាងសង់។