លោក ហេង សំរិន ប្រធានរដ្ឋសភា ជំរុញឲ្យគណៈកម្មការចំពោះកិច្ចរបស់គណបក្សទាំងពីរយកចិត្តទុកដាក់លើមតិយោបល់ និងអនុសាសន៍លើសេចក្ដីព្រាងច្បាប់ដែលទទួលបានពីសិក្ខាសាលាក្នុងថ្ងៃនេះ ដោយលោកថា ដើម្បីធានាថាច្បាប់នេះនឹងបម្រើផលប្រយោជន៍ទាំងភាគីនយោជិត និងនិយោជក។កាលពីព្រឹកថ្ងៃពុធនេះ រដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងសហព័ន្ធ សហជីពមកពីរោងចក្រផ្សេងៗសរុបជាង១០០ស្ថាប័ន។ថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់នេះនៅវិមានរដ្ឋសភា លោក ហេង សំរិន បានមានប្រសាសន៍ថា មតិយោបល់ដែលទទួលបានពីសិក្ខាសាលក្នុងថ្ងៃនេះមានសារៈសំខាន់ក្នុងការធានាថាច្បាប់ស្ដីពីសហជីពនេះនឹងធានាបាននូវផលប្រយោជន៍ឲ្យទាំងភាគីរោងចក្រ និងកម្មករ ដោយលោកជំរុញឲ្យគណៈកម្មការចំពោះកិច្ចត្រូវយកចិត្តទុកដាក់លើមតិយោបល់ទាំងអស់នេះ។