ត្រឡប់ក្រោយ

សភាផ្តល់រថយន្តម្នាក់១គ្រឿង និងទីប្រឹក្សា៩នាក់ដល់ប្រធានក្រុមមតិភាគច្រើន និងក្រុមភាគតិច

រដ្ឋសភា​បានសម្រេច​ផ្ដល់​ រថយន្ត​ម្នាក់​ចំនួន​១​គ្រឿង ទីប្រឹក្សា ជំនួយការ​ចំនួន​៩​នាក់ និង​កញ្ចប់​ខ្ទង់ចំណាយ​ថវិកា ដល់​ប្រធាន​ក្រុម​មតិ​ភាគច្រើន និង​ក្រុម​មតិ​ភាគតិច សម្រាប់​អនុវត្ត​សកម្មភាព​ការងារ​របស់ខ្លួន​។​នេះ​បើតាម​សេចក្តីសម្រេច​របស់ ​ប្រធានរដ្ឋសភា សម្តេច ហេង សំរិន ចុះ​ថ្ងៃទី​១១​មីនា​។​តាមរយៈ​សេចក្ដីសម្រេច​នេះ​ប្រធាន​ក្រុម​មតិ​ភាគច្រើន​និង​ក្រុម​ ភាគតិច ត្រូវមាន​ខុទ្ទកាល័យ​មួយ សាលប្រជុំ​មួយ និង​ការិយាល័យ​ផ្ទាល់​មួយ​។ ហើយ​ភាគី​ទាំងពីរ​នឹង​ទទួលបាន​ទីប្រឹក្សា និង​ជំនួយការ​ចំនួន​៩​រូប ក្នុងនោះ ២​រូប មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៣​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ២​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក និង​២​រូប​ទៀត មាន​ឋានៈ​ស្មើនឹង​ប្រធាន​នាយកដ្ឋាន​។ 
 ចំណែក​ថវិការ​សម្រាប់​គណបក្សនយោបាយ​នៅក្នុង​រដ្ឋសភា​ទាំងពីរ ត្រូវមាន​កញ្ចប់​ថវិកា​ដែល​បែងចែក​ទៅតាម​សមាមាត្រ​នៃ​ចំនួន​តំណាងរាស្ត្រ​នៃ ​គណបក្សនយោបាយ​នីមួយៗ​។ ថវិកា​នេះ ក៏ត្រូវ​ប្រើប្រាស់​ក្នុងការ​ផ្តល់​ជា​បៀវត្ស​ជូន​ទីប្រឹក្សា និង​ជំនួយការ និង​ដំណើរ​ការបំពេញ​តួនាទី និង​ភារកិច្ច​របស់​តំណាងរាស្ត្រ ដែល​មានចែង​នៅក្នុង​ប្រការ​៤៨​ថ្មី​(​បី​)នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា