អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។លិខិតកោះហៅដែលមានអត្ថន័យដូចគ្នា លោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន លោក លោក លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ តាមលិខិតកោះហៅនោះ អ្នកស្រី ទ្រី ឈូន ត្រូវបង្ហាញខ្លួននៅអង្គភាពនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង៨ព្រឹក លោក នី សុខា នៅម៉ោង៩ព្រឹក លោក យី សុខសាន្ត នៅម៉ោង២រសៀលនិងលោកណៃ វ៉ងដា នៅម៉ោង៣រសៀល។ ចំណែកលោក លឹម មុនី ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង១០ព្រឹក។
http://vodhotnews.com/2016/04/acu-summon-adhoc-officiers