ត្រឡប់ក្រោយ

ACU មិនអនុញ្ញាតឲ្យសាច់ញាតិ និងមេធាវីចូលជួបមន្ត្រីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប

អង្គភាពប្រឆាំងអំពើពុករលួយបដិសេធមិនអនុញ្ញាតឲ្យគ្រួសារសាច់ញាតិ និងមេធាវី៥រូបរបស់សមាគមអាដហុក ចូលជួបមន្ត្រី៤រូបរបស់សមាគម និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលអង្គភាពកំពុងឃាត់ខ្លួនដើម្បីធ្វើការសាកសួរ។មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន៤រូប និងលោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅទៅសាកសួរតាំងពីថ្ងៃម្សិលមិញ ហើយរហូតមកដល់ពេលនេះមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីអង្គភាពនៅឡើយទេ។នៅព្រឹកថ្ងៃសុក្រនេះ ក្រុមគ្រួសារសាច់ញាតិ និងប្រធានសមាគមអាដហុកលោក ធន សារ៉ាយ បានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្នើសុំចូលជួបអ្នកទាំង៥ តែត្រូវបានអង្គភាពបដិសេធ។សមាគមអាដហុកក៏បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីដាក់មេធាវី៥រូបសម្រាប់អ្នកទាំង៥ផងដែរ តែអង្គភាពមិនទាន់ធ្វើការឆ្លើយតបនោះទេ។នៅម៉ោងប្រមាណ១១ព្រឹកនេះ អ្នកសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលដែលបានចូលរួមតាមដាននៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណអង្គភាព។ បើតាមមន្ត្រីម្នាក់របស់ACU អង្គភាពនឹងរៀបចំធ្វើសន្និសីទសារព័ត៌មានលើករណីអ្នកទាំង៥៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា