គ.ជ.ប នឹងឈឺឆ្អាលក្នុងរឿងក្តីរបស់លោក នី ចរិយា បើការចោទប្រកាន់ពីសំណាក់តុលាការ មកលើលោក ជាប់ទាក់ទងនឹងការងារបោះឆ្នោត។ ប៉ុន្តែ បើទោសកំហុសរបស់លោក នី ចរិយា ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន នោះគ.ជ.ប មិនមានសិទ្ធិ ដើម្បីជួយលោក នី ចរិយា ឡើយ។ លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី» ហើយបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារភ្នំពេញ (PJ) កាលពីម៉ោង៦ល្ងាច ថ្ងៃទី២ ឧសសភា។ ខណៈពេលនេះ គ.ជ.ប កំពុងតែរង់ចាំសេចក្តីជូនដំណឹង ពីតុលាការ ជុំវិញការចោទប្រកាន់មកលើមន្ត្រីរបស់ខ្លួន។ អ្នកនាំពាក្យស្តីទីរបស់គ.ជ.ប លោក ខន កែវមនោ បានពន្យល់ថា តុលាការ ត្រូវផ្តល់សេចក្តីជូនដំណឹង ទៅកាន់គ.ជ.ប ក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ធ្វើការចោទប្រកាន់មកលើមន្ត្រីគ.ជ.ប។ លោកបន្ថែមថា ក្រោយទទួលបានសេចក្តីជូនដំណឹងហើយ គ.ជ.ប នឹងពិនិត្យលើករណីនោះ។
http://www.thmeythmey.com/?page=detail&ctype=article&id=39390&lg=kh