តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួនពីររូបទៀតហើយ ត្រូវបានតុលារការសម្រេចចេញដីការកោះហៅឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធទៅនឹងដំណើររឿងអាស្រូវរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលខាងប្រុសត្រូវបានគេចាត់ទុកថា ជាលោកកឹម សុខា ។
តំណាងរាស្រ្តទាំងពីររូបនេះមានលោក ពិន រតនា តំណាងរាស្រ្តមកពីខេត្តបាត់ដំបង និងលោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមកពីខេត្តកណ្ដាល។ លោក ពិន រតនា ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកសៀង សុខ កោះហៅឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៦នៅវេលាម៉ោង ១៤ និង៣០នាទី ។ ចំណែកលោកតុ វ៉ាន់ចាន់ វិញនោះ នឹងត្រូវចូលខ្លួនបំភ្លឺនៅថ្ងៃទី១៦ ឧសភាដូចគ្នា គឺនៅវេលាម៉ោង ៩ និង០០នាទី ដើម្បីសាកសួរពីដំណើររឿងខាងលើ ។
នៅក្នុងដំណើររឿងអាស្រូវដែលខាងប្រុសត្រូវបានគេសម្គាល់ថាជាលោក កឹម សុខា ប្រធានស្ដីទីគណក្សសង្រ្គោះជាតិ ចំណែកតួអង្គខាងស្រីគឺនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមកន្លងមកយ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ហើយ ដែលត្រូវបានតុលាការធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ន ។
ក្នុងនោះមន្ត្រី៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប និងមន្ត្រីសិទ្ធិមនុស្សមួយរូបរបស់អង្គការសហប្រជាជាតិគឺលោក ស៊ឺន សាលី ត្រូវបានសម្រេចចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដោយយោងតាមបទចោទទាំងនេះ ពួកគេប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ។ ចំណែកឯមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពុងចាម មកពីគណបក្សសង្រ្គោះជាតិនោះក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នផងដែរ ។
កាលពីថ្ងៃទី២៣ មេសា កន្លងទៅ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានសរសេរលិខិតចំហរដោយដៃចំនួន៤ទំព័រចុះផ្សាយនៅលើទំព័រសារព័ត៌មានបណ្ដាញសង្គម និងបានចោទថា កញ្ញាត្រូវបានអង្គការសង្គមស៊ីវិល រួមទាំងមន្ត្រីគណបក្សសង្គ្រោះជាតិលួងលោមកញ្ញាដោយផ្តល់លុយចំនួន៥០០ដុល្លាដល់ម្តាយនាងនិងឲ្យរួបនាងមិនឲ្យទទួលស្គាល់ខ្សែអាត់សម្លែងនោះជាសម្លែងរបស់នាងនិងលោក កឹម សុខា ។ ជាងនេះទៅទៀត អង្គការទាំងនោះនឹងធានានាំរូបនាងបានទៅរស់នៅបរទេសទៀតផង។ នៅក្នុងលិខិតនោះដែរ កញ្ញាស្រីមុំ បានស្នើឲ្យតុលាការនិងអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌និងប្តឹង លោក កឹម សុខា ឲ្យសងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ រួមទាំងសង្គមស៊ីវិលអ្នកពាក់ព័ន្ធខាងលើទាំងអស់ផងដែរ ។
យ៉ាងណាលិខិតចំហរទាំងនោះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដាក់ការសង្ស័យថា មិនមែនជាការសរសេរដោយដៃស្រីមុំនោះទេ គឺទំនងជាមានអ្នកធ្វើការលើផ្នែកច្បាប់ជាអ្នកសរសេរជំនួស ហើយឱ្យនាងផ្ដិតមេដៃ បើមើលតាមទឹកដៃសរសេរអក្សរ និងសំអាងទៅលើថ្ងៃដែលស្រីមុំបានចូលខ្លួនទៅសមាគមអាដហុកដំបូងនាងបានអះអាងប្រាប់វិទ្យុក្នុងស្រុកថា នាងមិនមានជំនាញសរសេរអក្សរនោះឡើយ ។
អ្នកវិភាគសង្គមធ្លាប់ចាត់ទុក ដំណើររឿងអាស្រូវឈានទៅដល់ការចាប់ខ្លួនមន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គជប រួមនឹងការប្រកាសចាប់ខ្លួនមន្រ្តី១រូបរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ជាការរៀបចំឡើងដោយគណបក្សកាន់អំណាច ៕