អាជ្ញាធរខណ្ឌដង្កោនៅព្រឹកថ្ងៃចន្ទនេះចាប់ខ្លួននាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ខណៈពួកគេបានចូលរួមយុទ្ធនាការពាក់អាវខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។លោក អ៊ី សារ៉ុម និងមន្រ្តីអង្គការលីកាដូ ឈ្មោះ លោក ថាវ គឹមសាន នាយករងទទួលបន្ទុកកម្មវិធីតស៊ូមតិនៃអង្គការសិទ្ធិមនុស្សលីកាដូ ត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណ៨និង២០នាទី នៅពេលពួកគេព្យាយាមដើរឆ្លងកាត់ផ្លូវដែលត្រូវបានសមត្ថកិច្ចរារាំងទៅពន្ធនាគារព្រៃស។ ចំណែកស្រ្តីម្នាក់ទៀតដែលត្រូវគេអះអាងថាជាសកម្មជនដីធ្លីតំបន់បុរីកីឡា ឈ្មោះ ស ស៊ន ត្រូវបានចាប់ខ្លួននៅពេលបន្ទាប់។ ពួកគេត្រូវបានដឹកតាមរថយន្តចេញភ្លាមៗ នៅពេលចាប់ខ្លួន។ប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារពួកគេធ្វើយុទ្ធនាការដោយគ្មានការអនុញ្ញាតនិងពួកគេបានសរសេរសារលើហ្វេសប៊ុកដែលលោកថាជាចលនាមួយទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោកបន្តថាសមត្ថកិច្ចកំពុងតែសាកសួរអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ។ប្រភពVOD
http://vodhotnews.com/2016/05/police-arrested-3-people