គណៈកម្មការអ្នកច្បាប់អន្តរជាតិ (The International Commission of Jurists = ICJ) ទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើមន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង។ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ឧសភា អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) មួយនេះ សម្ដែងការបារម្ភយ៉ាងខ្លាំងចំពោះការយាយីរបស់រដ្ឋាភិបាលទៅលើសកម្មជនការពារសិទ្ធិមនុស្ស។ពួកគេស្នើឲ្យរដ្ឋាភិបាលកម្ពុជា បើកការត្រួតពិនិត្យឡើងវិញ និងបញ្ឈប់ការចោទប្រកាន់នានាលើសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំង បើសិនរកឃើញថា ការចោទប្រកាន់ទាំងអស់នោះធ្វើឡើងគ្មានមូលដ្ឋាន និងបំពានច្បាប់។ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ក៏ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់នូវការប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើបាប និងគំរាមកំហែងមន្ត្រីសិទ្ធិមនុស្ស និងបក្សប្រឆាំងបន្តទៀត និងត្រូវគោរពសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលកម្ពុជា ជារដ្ឋភាគី ពិសេសគឺអនុសញ្ញាអន្តរជាតិស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ។ប្រភពRFA
http://www.rfa.org/khmer/news/human-rights/ICJ-calls-for-halt-to-prosecutorial-and-judicial-harassment-of-human-rights-defenders-and-political-opponents-05092016040943.html