ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មិនបានចូលទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ តាមការកោះអញ្ជើញរបស់ព្រះរាជអាជ្ញាក្នុងសំណុំរឿងសញ្ចារកម្ម ដែលពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់រឿងស្រីកំណាន់កាលពីកន្លងមក។ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការក្នុងនាមជាសាក្សី នៅថ្ងៃទី១៧ ខែឧសភា វេលាម៉ោង៩ព្រឹក។ នេះជាលើកទីពីរហើយដែលលោកកឹម សុខា មិនបានចូលខ្លួនទៅតុលាការ ដោយការកោះហៅទីមួយទាក់ទងនឹងដំណើររឿងដែលសកម្មជនល្បីឈ្មោះតាមបណ្តាញហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងបែកធ្លាយខ្សែអាត់សំឡេងដូចគ្នា។កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ ប្រភពVOD
http://vodhotnews.com/2016/05/kem-sokha-ignored-the-summons-as-second-time