ក្រោយចូល បំភ្លឺនៅក្នុងតុលាការជាងមួយម៉ោង លោក សុខ ឥសាន នៅតែអះអាងថា ការដាក់ពាក្យប្ដឹងលោក អ៊ូ វីរៈ នេះ គឺគណបក្សលោកធ្វើតាមនីតិវិធីច្បាប់ ដែលមិនមែនជាការបិទសិទ្ធិសេរីភាពបញ្ចេញបុគ្គលណាម្នាក់នោះឡើយ។ ថ្លែងចំពោះមុខអ្នកកាសែតលោក សុខ ឥសាន ព្រមានថា ក្រៅពីលោក អ៊ូ វីរៈ គណបក្សលោកក៏នឹងមានសិទ្ធិប្ដឹងអ្នកវិភាគដទៃផ្សេងទៀតដែរ បើសិនជាពួកគេមានការបកស្រាយ ឬបញ្ចេញមតិរិះគន់ ដែលធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ ហើយបង្កឲ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាល ។
ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ចំពោះពាក្យបណ្តឹងរបស់លោក សុខ ឥសាន។ លោក អ៊ូ វីរៈ បានឲ្យដឹងថា លោកនឹងចូលខ្លួនបំភ្លឺតាមដីការកោះហៅរបស់តុលាការ ដោយលោកបានត្រៀមមេធាវីម្នាក់ការពារក្ដីខ្លួន។ លោក អ៊ូ វីរៈ ក៏មានការមិនទុកចិត្តនិងព្រួយបារម្ភពីប្រព័ន្ធតុលាការដែរ។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=39498&lg=kh