ត្រឡប់ក្រោយ

លោក ឈាង វុន ថាចំណាត់ការរបស់សមត្ថកិច្ចអាចដើម្បីនាំខ្លួនលោក កឹម សុខា ទៅតុលាការ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន យល់​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច​លើ​ក្បួន​រថយន្ត​របស់​លោក កឹម សុខា និង​ចុះ​ទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ដើម្បី​នាំ​ខ្លួន​លោក កឹម សុខា ទៅ​តុលាការ ព្រោះ​លោក កឹម សុខា មិន​បាន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​តាម​ការ​កោះ​ហៅ​របស់​ តុលាការ។ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថា ការ​នាំ​ខ្លួន គឺ​ស្មើ​នឹង​ការ​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន ដែល​សកម្មភាព​នេះ​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០ ខណៈ​លោក កឹម សុខា កំពុង​មាន​អភ័យ​ឯកសិទ្ធិ។តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន យល់​ថា គឺ​លោក កឹម សុខា ជា​អ្នក​រុញ​ឲ្យ​មាន​ស្ថានការណ៍​ធ្លាក់​ទៅ​បែប​នេះ ខណៈ​តុលាការ​កោះ​ហៅ​លោក​ធ្វើ​ជា​សាក្សី​ជាច្រើន​ដង ប៉ុន្តែ​លោក កឹម សុខា មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា។ លោក ឈាង វុន បន្ត​ថា លោក កឹម សុខា កំពុង​ធ្វើ​ឲ្យ​មាន​ករណី​នេះ​ក្លាយ​ជា​បទល្មើស​ជាក់ស្តែង​ហើយ៖ «ឯកឧត្តម កឹម សុខា គាត់​បង្ក​ការ​លំបាក​ឲ្យ​ខ្លួន​គាត់ បើ​តាម​ខ្ញុំ​ដឹង គាត់​អញ្ជើញ​ទៅ​ជា​សាក្សី​ទេ ហើយ​នៅ​ក្នុង​ការងារ​ដំបូង​របស់​តុលាការ​គាត់​ត្រូវ​ឆ្លើយ»។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/CPP-PM-says-authorities-attampt-to-bring-Kem-Sokha-to-provide-testimony-at-the-court-05262016092718.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា