តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់លោក កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្រ្តបក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយ លោក កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ។ អយ្យការបញ្ជាក់ថាក្នុងដំណាក់កាលស៊ើបអង្កេត លោក កឹម សុខា ជា”សាក្សីដែលមានសារៈសំខាន់បំផុត”សម្រាប់ឆ្លើយបំភ្លឺនូវរឿងរ៉ាវមួយចំនួនដែលបានកើតឡើង។ សេចក្តីថ្លែងការណ៍បន្តថាលោក កឹម សុខា មិនចូលបំភ្លឺដោយ”មិនមានមូលហេតុសមស្រប”ដោយគ្រាន់តែឲ្យមេធាវីបញ្ជូនលិខិតមកអយ្យការ។ប្រភពVOD
http://vodhotnews.com/2016/05/court-accuses-sokha-could-face-1-to-6-months-in-jail