អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមក្រមព្រហ្មទណ្ឌ ហើយអភ័យឯកសិទ្ធិមិនអាចការពាររូបលោកបាននោះទេ។តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។លោក គឹម សន្តិភាព បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសុក្រនេះថា៖ “ដីកាកោះលើកទី២ ក្នុងនាមសាក្សី ជាការផ្តល់ឱកាសដល់ឯកឧត្តម កឹម សុខា។ នៅពេលដែលបុគ្គលម្នាក់មិនចូលខ្លួនតាមការកោះហៅរបស់អយ្យការក្នុងនាមសាក្សីលើកទី១ នោះដំណើរការផ្លូវច្បាប់មួយអាចចាប់ផ្តើមតាំងពីពេលនោះមកម្លេះ”។ លោកបន្ថែមថា៖ “ការកោះហៅលើកទី២ គឺជាការបង្ហាញអោយឃើញពីភាពទន់ភ្លន់របស់ស្ថាប័នអយ្យការនិងជាការផ្តល់ឱកាសដល់ឯកឧត្តម កឹម សុខា ជាថ្មីម្តងទៀត តែជាការសោកស្តាយដែលសាមីខ្លួនមិនទទួលយកនូវឱកាសនេះ”។ប្រភពVOD
http://vodhotnews.com/2016/05/ministry-of-justice-spokesman-defends-legal-action-against-sokha