លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃនេះថា នីតិវិធីរបស់តុលាការលើឯកឧត្តម កឹម សុខា គឺស្របតាមរដ្ឋធម្មនុញ្ញ ជាពិសេសមាត្រា៨០ ស្តីពីអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើងបន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៦៨នាក់ បានសម្រេចឲ្យតុលាការបន្តនីតិវិធីលើឯកឧត្តម កឹម សុខា ប្រធានស្តីទីបក្សប្រឆាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលអយ្យការចោទពីបទ «បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី។លោក ឡេង ប៉េងឡុង បានអះអាងថា ទង្វើរបស់ប្រធានស្តីទីគណបក្សប្រឆាំង ពិតជាទង្វើជាក់ស្តែង ដែលអាចឲ្យសមត្ថកិច្ចធ្វើចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ទាំងមានអភ័យឯកសិទ្ធិ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋសភាអះអាងថា អ្វីគ្រប់យ៉ាងរបស់ឯកឧត្តម កឹម សុខា នៅទាំងអស់ ទាំងអភ័យសិទ្ធិ និងប្រាក់បៀរវត្ស ដែលនេះមិនមែនជាការរំលោភអភ័យឯកសិទ្ធិនោះឡើយ៕ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40397&lg=kh