ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រកាសថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារសន្តិភាពនិងស្ថិរភាពនយោបាយ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើក​ឡើង​ថា មិន​មាន​វិបត្តិ​អ្វី​មួយ​កើត​ឡើង​នៅ​កម្ពុជា បច្ចុប្បន្ន​នេះ​ទេ។ លោក​បញ្ជាក់​ថា ហេតុការណ៍​ផ្សេងៗ​ដែល​កំពុង​កើត​មាន គឺ​ជា​បញ្ហា​បុគ្គល ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ឡើយ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រុមហ៊ុន​វិនិយោគ​ចំនួន​១០០ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ចិន ស្ថិត​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​វិនិយោគិន​បរទេស មន្ត្រី​រាជការ និង​កម្មករ​ជាច្រើន​ពាន់​នាក់​ថា លោក​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា នោះ​ទេ ពីព្រោះ​វា​ជា​រឿង​បុគ្គល។ លោក​មាន​ប្រសាសន៍​ថា លោក​ទទួល​ខុស​ត្រូវ​តែ​ទៅ​លើ​ការ​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សង្គម និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​តែ​ប៉ុណ្ណោះ៖ «សម័យ​នេះ​គេ​សប្បាយ​ណាស់។ កាល​ពី​សម័យ​ខ្ញុំ ទើប​វា​ពិបាក អាយុ ៨​ឆ្នាំ សង្គ្រាម​កើត​ឡើង ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ទាហាន របួស ៥​ដង ខូច​ភ្នែក​ម្តង។ ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​មិន​បណ្តោយ​ឲ្យ​ជន​ណា​ក៏ដោយ ទោះ​បី​អាសិរពិស​ប៉ុនណា​ក៏ដោយ បំផ្លាញ​នូវ​សន្តិភាព​ដែល​យើង​រក​បាន​ទាំង​លំបាក។ អត់​អនុញ្ញាត​ទេ។ តម្លៃ​ណា​ក៏ដោយ​ដែល​ត្រូវ​បង់ គឺ​បង់​ថ្លៃ​ដើម្បី​ការពារ​សន្តិភាព បង់​ថ្លៃ​ដើម្បី​ការ​អភិវឌ្ឍ បង់​ថ្លៃ​ដើម្បី​ការ​រីក​ចម្រើន​នៃ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់ៗ​រូប»។ប្រភពRFA

 http://www.rfa.org/khmer/news/politics/Hun-Sen-Warns-of-Actions-Against-Those-Who-Cause-National-Instability-06072016095100.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា