ស្ថាប័នសារព័ត៌មានមួយចំនួននៅមិនទាន់សម្រេចថាតើគួរប្រើប្រាស់គោរមងាររបស់ថ្នាក់ដឹកនាំ តាមការណែនាំរបស់ក្រសួងព័ត៌មានឬយ៉ាងណានោះទេ។ក្រសួងព័ត៌មានបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែរ លោក កៃ គឹមសុង ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាស្ថាប័នរបស់លោកនៅមិនទាន់សម្រេចនៅឡើយលើការប្រើប្រាស់គោរមងារនៅក្នុងអត្ថបទ។ លោកមានប្រសាសន៍ថា៖ “យើងមិនទាន់ដឹងនៅឡើយទេ ចាំមើលបន្តិចទៀតសិន។ យើងមិនទាន់សម្រេចយ៉ាងណា តែក្នុងពេលបច្ចុប្បន្ននេះគឺប្រើនូវអ្វីដែលយើងមាន”។ស្រដៀងគ្នានោះដែរ នាយកគ្រប់គ្រងវិទ្យុបារាំង លោក សង់ហ្វ្រង់-ស័រតាន់ មានប្រសាសន៍ថាលោករង់ចាំ ការសម្រេចពីអ្នកគ្រប់គ្រងនៅប្រទេសបារាំង។ លោកបានមានប្រសាសន៍ថា៖ ”ខាងខ្ញុំមិនទាន់សម្រេចផង ចាំមើលគេឯងចាំមើលចុងខែ ឥឡូវនេះមិនទាន់សម្រេចចាំមើលអ្នកនៅខាងបារីស ដោយសារមានអ្នកធ្វើការនៅទីនោះ”។ប្រភពVOD
http://vodhotnews.com/2016/06/media-outlets-not-yet-decide-on-honorary-title-in-the-articles