លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ នឹងការលើកឡើងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលចោទថា សម្តេចកំពុងភ័យខ្លាចចាញ់ឆ្នោត នាពេលខាងមុខ។ ក្នុងពិធីខួបលើកទី៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជានៅថ្ងៃនេះ លោកហ៊ុន សែន បានចាត់ទុកប្រសាសន៍លោក កឹម សុខា ថា ជាសម្តីព្រហើន ហើយសម្តេចមិនខ្លាចចាញ់ឆ្នោតដូចអ្វីដែលលោក កឹម សុខា បាននិយាយនោះឡើយ ។ប្រតិកម្មរបស់ លោក ហ៊ុន សែន បែបនេះ ធ្វើឡើងក្រោយពីលោក កឹម សុខា ប្រាប់សារព័ត៌មាន Reuters ថា លោកកំពុងភ័យខ្លាចចាញ់ឆ្នោត ទើបធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង។ លោកបានដៀមដាមលោក កឹម សុខា ថា ជាបុគ្គលកំពុងភ័យខ្លាចការចាប់ខ្លួន ដោយឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្ស ហើយសម្តេចប្រាប់ឲ្យលោក កឹម សុខា ចេញពីទីស្នាក់ការបក្សមក។ លើសពីនេះ សម្តេចបានផ្តាំលោក កឹម សុខា វិញយ៉ាងដូច្នេះថា៖«លោកឯងជាប់គុក គ្មានថ្ងៃចេញរួចទេ។ កុំព្រហើន»។ លោកហ៊ុន សែន ក៏ឆ្លៀតបន្ថែមថា ប្រសិនបើសមត្ថកិច្ចប្រើកម្លាំងចាប់ខ្លួន លោក កឹម សុខា គ្មានអ្នកណារារាំងបានឡើយ តែសមត្ថកិច្ចពុំទាន់ដល់ម៉ោងចាប់ខ្លួន ដោយចាំបញ្ជាពីតុលាការ៕