លោក ហ៊ុន សែន ពន្យល់ថា លោកមិនបានដណ្ដើមការងាររដ្ឋមន្ត្រីក្រសួងអប់រំ រឿងចែកសញ្ញាប័ត្រដល់និស្សិតនោះទេ។ ការថ្លែងពន្យល់បែបនេះ គឺបន្ទាប់ពីមានអ្នកចូលទៅបញ្ចេញយោបល់ (Comment) លើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកថា រដ្ឋមន្ត្រីក្រសួងអប់រំទៅធាក់ស៊ីក្លូហើយ ព្រោះនាយករដ្ឋមន្ត្រីទៅដណ្ដើមការងាររដ្ឋមន្ត្រីធ្វើ។ រីឯសង្គមស៊ីវិល និងនិស្សិតមួយចំនួនយល់ថា ការថ្លែងសារនយោបាយរបស់លោក ហ៊ុន សែន នៅចំពោះមុខយុវជនក្នុងវេទិកាចែកសញ្ញាប័ត្រម្ដងៗ មិនបានផ្ដល់គំរូ និងចែករំលែកបទពិសោធន៍ល្អៗដល់យុវជនឡើយ។នៅកម្ពុជា វាស្ទើរក្លាយទៅជាវប្បធម៌ ឬទម្លាប់មួយទៅហើយ ចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា និងពិធីសម្ពោធសមិទ្ធផលផ្សេងៗ ដូចជាផ្លូវថ្នល់ និងវត្តអារាមជាដើម។ជាទូទៅគេតែងសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែនិយាយពីបញ្ហានយោបាយ និងប្រើពាក្យអសុរោះជេរប្រមាថ មានភាសាអញ ឯង ជាដើម មិនថានៅចំពោះមុខយុវជនក្នុងឱកាសចែកសញ្ញាប័ត្រ និងនៅចំពោះមុខព្រះសង្ឃ យាយជី តាជី និងចាស់ព្រឹទ្ធាចារ្យក្នុងឱកាសពិធីសម្ពោធសមិទ្ធផលផ្សេងៗក្នុងវត្ត អារាមឡើយ។ប្រភពRFA
http://www.rfa.org/khmer/news/politics/hunsen-graducation-ceremonies-06302016005555.html